Arsenal និង Man City ឈ្នះដូចគ្នាដើម្បីរក្សាការប្រជែងយកកៅអីកំពូលទាំងបួន

Alexis Sanchez បានរក្សាក្តីសង្ឃឹមរបស់ Arsenal ក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់គេបានជួយឲ្យក្រុមកាំភ្លើងធំមួយនេះ យកឈ្នះលើក្រុម Sunderland ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Emirates កាលពីថ្ងៃអង្គារ។ ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ បានក្លាយជាវីរបុរសម្តងទៀតសម្រាប់ក្រុមរបស់លោក Arsen Wenger ខណៈដែលពួកគេបានធានាថា ការប្រជែងរបស់ពួកគេជាមួយនឹងក្រុមហង្សក្រហម Liverpool សម្រាប់តំណែងលេខ៤ នឹងត្រូវបន្តរហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលនេះ។

ទោះបីជាយ៉ាងណា ក្រុម Arsenal ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ពិតជាត្រូវការអព្ភូតហេតុក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលថ្មីជាលើកទី២០ជាប់ៗគ្នា។ ការដណ្តើមបានជ័យជម្នះជាលើកទី៦របស់ក្រុម Arsenal ពីការប្រកួត៧លើកចុងក្រោយរបស់ពួកគេ បានជួយឲ្យពួកគេដេញតាមពីក្រោយក្រុមហង្សក្រហម Liverpool ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលនៅសល់ការប្រកួត១លើកទៀតមុននឹងបញ្ចប់រដូវកាលនេះ។ ស្របពេលជាមួយគ្នានេះដែរ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Gabriel Jesus, Kevin de Bruyne និង Yaya Toure បានជួយឲ្យក្រុម Manchester City ស្ថិតយ៉ាងប្រកៀកក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ក្រោយពីពួកគេបានយកឈ្នះលើក្រុម West Brom ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអង្គារ។ ខ្សែប្រយុទ្ធ Hal Robson-Kanu បានវាយបកបានមួយគ្រាប់វិញដើម្បីជួយឲ្យក្រុមភ្ញៀវ West Brom ជួបការរីករាយបន្តនៅកីឡដ្ឋាន Etihad។ បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola ត្រូវការត្រឹមតែ១ពិន្ទុគត់នៅលើទឹកដីក្រុម Watford នៅថ្ងៃប្រកួតចុងក្រោយនៃរដូវកាលនេះដើម្បីឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League៕


ប្រភពពី៖ The Sun

Advertisement