Chelsea យល់ព្រម​លើ​តម្លៃ​ខ្លួន 71.6លាន​ផោន ដើម្បី​ទិញ Kepa ពី​ក្លិប Bilbao

ក្លិប​តោ​ខៀវ Chelsea បាន​យល់ព្រម​ចំណាយ​ប្រាក់​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​ចំនួន 71.6លាន​ផោន (ស្មើនឹង 91.6លាន​ដុល្លារ​អាមេរិក) ដើម្បី​នាំយក​អ្នកចាំទី KepaArrizabalaga ពី​ក្លិប Athletic Bilbao ដើម្បី​មក​ជំនួស​កន្លែង​របស់​កីឡាករ Thibaut Courtois។

ស្រប​ពេលដែល Courtois ព្យាយាម​បង្ខំ​ឱ្យមាន​ការផ្ទេរ​មួយ​ទៅកាន់​ក្លិប Real Madrid ក្លិប Chelsea បាន​ចាត់វិធានការ​តាមរយៈ​ការចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​របស់ Kepaនៅឯ​ក្លិប Athletic Bilbao នៅមុន​ពេល​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ។

ក្លិប Bilbao បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​បាត់បង់​អ្នកចាំទី​វ័យ 23ឆ្នាំ​រូបនេះ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រី​ដ ជាមួយនឹង​ភ្នាក់ងារ​របស់គេ នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយពី Bilbao ប៊ិះ​តែ​លក់ Kepa ទៅឱ្យ​ក្លិប Real ក្នុងតម្លៃ​ខ្លួន២០លាន​អឺរ៉ូ​ទៅហើយ កាលពី​ខែមករា។

តាមរយៈ​ការបំពេញ​ការផ្ទេរ​នេះ ក្លិប Chelsea នឹង​បំបែក​កំណត់ត្រា​នៃ​តម្លៃ​ខ្លួន 66.9លាន​ផោន (ស្មើនឹង 86.6លាន​ដុល្លារ​អាមេរិក) ដែល​ក្លិប  Liverpool បាន​ចំណាយ​ទៅឱ្យ​ក្លិប Roma ដើម្បី​ទិញយក​អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល Alisson កាលពី​ខែ​មុន។

Kepa ត្រូវបាន​រំពឹងទុក​ថា នឹងត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​អាច​នឹង​បង្ហាញខ្លួន​ជា​លើក​ទី1 របស់គេ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍​នេះ នៅលើ​ទឹកដី​ក្រុម Huddersfield។

Kepa បាន​ចំណាយពេល 2រដូវ​កាល​មុន ក្នុង​ក្រុម​ជម្រើស​ទី1 របស់ Bilbao ដោយបាន​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ La Liga ចំនួន 53លើក៕

ប្រភពពី៖ The Telegraph

Advertisement