ហ្វីលីពីន នឹង​បញ្ជូន​ក្រុម​បាល់បោះ​ទៅ​ប្រកួត ទោះ​កីឡាករ​ជាប់​ពិន័យ​ច្រើន​ក៏ដោយ

ហ្វីលីពីន បានបញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​នៅតែ​បញ្ជូន​ក្រុមកីឡា​បាល់បោះ​ផ្នែក​បុរស​ឱ្យទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ដដែល  ក្រោយពី​បានប្រកាស​ដកខ្លួន​បន្ទា​ប់​ពី​ជម្លោះ​នៅលើ​ទីលាន​ប្រកួត​ជាមួយនឹង​ក្រុម​កីឡាករ​អូស្ត្រាលី ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ។

ក្រុមកីឡា​បាល់បោះ​របស់​ហ្វីលីពីន បានប្រកាស​ពី​ការដកខ្លួន​ចេញពី​យុទ្ធនាការ​កីឡាបាល់បោះ កាលពី​ថ្ងៃទី27 ខែកក្កដា ដោយសារតែ​អង្គភាព​គ្រប់គ្រង​កីឡាបាល់បោះ​អន្តរជាតិ​ហៅ​កាត់​ថា FIBA បានដាក់​ពិន័យ​ព្យួរ​កីឡាករ 10នាក់ និង​គ្រូបង្វឹក 2នាក់​របស់​ពួកគេ ជុំវិញ​ការផ្ទុះ​ជម្លោះ​វាយតប់​គ្នា​មួយ​កាលពី​ថ្ងៃទី២ ខែកក្កដា ដោយ​កីឡាករ និង​អ្នកគាំទ្រ​បាន​វាយ​ទាត់​ធាក់​គ្នា​នៅលើ​ទីលាន​ប្រកួត។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ជំនួយការ​ពិសេស​ម្នាក់​របស់លោក​ប្រធានាធិបតី Rodrigo Duterte បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា សហព័ន្ធ​ជាតិ និង​ក្របខ័ណ្ឌ​លី​ក​កីឡាបាល់បោះ​អាជីព​របស់​ប្រទេស​នេះ បាន​យល់ព្រម​បញ្ជូន​ក្រុម​មួយ ខណៈដែល​ការសម្រេចចិត្ត​នេះ ត្រូវបាន​អះអាង​ដោយ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​បាល់បោះ​ហ្វីលីពីន។

លោក Christopher Go ដែលជា​ជំនួយការ​ពិសេស បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ប្រកាស​ពី​ការចូលរួម​ក្រុម​របស់​ក្រុម​ហ្វីលីពីន​ថា៖ «យើង​មិនមាន​កាតព្វកិច្ច​អ្វីដែល​ត្រូវតែ​ឈ្នះ​ឡើយ តែ​យើង​មាន​កាតព្វកិច្ច​ក្នុង​ការរក្សា​ការព្យាយាម និង​ធ្វើឱ្យ​បានល្អ​បំផុត​តាម​ដែល​យើង​អាចធ្វើ​បានជា​រៀងរាល់ថ្ងៃ។ នេះ​គឺជា​មោទនភាព​របស់​ហ្វីលីពីន។ គ្មាន​អ្វីដែល​បង្រួបបង្រួម​សង្គម​ហ្វីលីពីន ល្អប្រសើរ​ជាង​នៅលើ​ទីលានកីឡា​បាល់បោះ​ឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement