Real Madrid ចាញ់​ទាំង​អាម៉ាស់​នៅលើ​ទឹកដី Espanyol មុនពេល​ប៉ះ PSG

ខ្សែប្រយុទ្ធ Gerard Moreno បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី93 ដែល​ធ្វើឱ្យ​ក្រុម Espanyol ផ្តួល​ក្រុម Real Madrid ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ La Liga ក្នុង​លទ្ធផល 1-0 កាលពី​ថ្ងៃ​អង្គារ។

ការដណ្តើម​បាន​ជ័យជម្នះជាប់ៗគ្នា​របស់​ក្រុម Real Madrid ត្រូវបាន​បញ្ចប់​ត្រឹម 5ប្រកួត ខណៈដែល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​របស់ Moreno បាន​ជួយ​ឱ្យ​ក្រុម Espanyol ដណ្តើមបាន​ជ័យជម្នះ​ជា​លើក​ទី 1 របស់​ពួកគេ​លើ​ក្រុម Real ក្នុងចំណោម​ការជួបគ្នា 22លើក​កន្លងមក។

លទ្ធផល​នេះ មានន័យថា Real ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ 3 ដោយ​ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Barcelona 14ពិន្ទុ ខណៈដែល Esp កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ13 ដោយ​នាំមុខ 12ពិន្ទុ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល។ លទ្ធផល​នេះ​ក៏បាន​បង្ហាញថា ការត្រៀមលក្ខណៈផ្សេងៗរបស់​ក្រុម Real Madrid សម្រាប់​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 ជាមួយនឹង​ក្រុម​យក្ស​របស់​បារាំង Paris Saint-Germain បានបញ្ចប់​ទាំង​ការខកចិត្ត។

ប្រយុទ្ធ Gareth Bale, Marco Asensio និង​ខ្សែបម្រើ Isco សុទ្ធសឹង​បាន​ជួប​ភាព​ត្រដាបត្រដួស​ក្នុងការ​បង្ហាញ​ថ្វី​ជើង​របស់​ពួកគេ ខណៈដែល​តារា​ឆ្នើម​ទាំង 3 បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុងការ​បង្កើតឱ្យមាន​កា​រ​ចាប់អារម្មណ៍ នៅ​មុនពេល​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Zinedine Zidane មិនបាន​ធ្វើការ​រិះគន់​ទៅលើ​ទម្រង់​លេង​របស់ Bale ឬ កីឡាករ​ផ្សេង​ទៀតឡើយ បន្ទាប់ពី​ការប្រកួត​នេះ។

គ្រូបង្វឹក​រូបនេះ​បានឱ្យដឹងថា៖ «ប្រសិនបើ​អ្នកចាញ់​នៅថ្ងៃនេះ វា​ដោយសារតែអ្វីៗមិន​ដំណើរ​ការល្អ និង​ព្រោះ​ហេតុផល​ជាច្រើន មិនមែន​ដោយសារតែ​កីឡាករ​ម្នា​ក់ណា​ឡើយ»៕

ប្រភពពី៖ Sky Sports

Advertisement