Everton ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ Digne មកពី​ក្លិប Barcelona

ក្លិប Everton បាន​ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ Lucas Digne ដែល​មកពី​ក្លិប​ជើងឯក​របស់​អេ​ស្ប៉ា​ញ Barcelona លើ​កុងត្រា​រយៈពេល 5ឆ្នាំ ជាមួយនឹង​តម្លៃ​ខ្លួន 18លាន​ផោន (ស្មើនឹង23.6លាន​ដុល្លារ​អាមេរិក)។ នេះ​បើ​យោងតាម​ការប្រកាស​ឱ្យដឹង​របស់​ក្លិប​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ កាលពី​ថ្ងៃ​ពុធ។

ខ្សែការពារ​អន្តរជាតិ​បារាំង​វ័យ 25ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ក្លិប Everton ក្រោយពី​បាន​ចំណាយពេល2រដូវ​កាល​នៅក្នុង​ក្លិប Barcelona ដោយ​រូបគេ​បានបង្ហាញ​ខ្លួន 46លើក ក្នុង​គ្រប់​យុទ្ធនាការ​ទាំងអស់ ខណៈដែល​រូបគេ​ក៏បាន​ឈ្នះ​ពាន La Liga ជាមួយ Barca កាលពី​រដូវ​កាល​មុន និង​ពាន Spanish Cup ផងដែរ។

Digne បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប Everton ថា៖ «ខ្ញុំ​ចង់បង្ហាញ​ពី​បច្ចេកទេស​លេង​កីឡាបាល់ទាត់​ដ៏​ល្អ​បំផុត​របស់ខ្ញុំ​នៅទីនេះ និង​រកឱ្យឃើញ​ក្របខ័ណ្ឌ​លី​ក​ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក។ គ្រប់គ្នា​ស្រឡាញ់​ក្របខ័ណ្ឌ Premier League។ ខ្ញុំ​ពេញចិត្ត​ណាស់​ដែល​ខ្ញុំ​បានមក​ទីនេះ»។

ខ្សែការពារ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មិនមាន​ខ្លាច​អ្វី​ឡើយ ខ្ញុំ​ពិតជា​រំភើប​ណាស់។ សម្រាប់​ខ្ញុំ វា​គឺជា​ការ​ប្រជែង​ថ្មី​មួយ​ក្នុងការ​បានមក​នៅក្នុង​ប្រទេសមួយ ក្នុង​ក្របខ័ណ្ឌ​លី​កមួយ ប្រជាជន និង​ក្លិប​ដ៏​អស្ចារ្យ​មួយ​ដូចជា Everton នេះ។ វា​ពិតជា​អស្ចារ្យ​ណាស់»។

Digne បាន​អវត្តមាន​ពី​ក្រុម​ឈ្នះ​ពាន World Cup របស់​បារាំង​នៅ​ឆ្នាំនេះ តែ​កាលពីពេល​មុនគេ​បាន​លេង​ឱ្យ​ក្លិប​បារាំង Paris St Germain ដោយបាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ Ligue1  2លើក ហើយ​ក៏បាន​ចំណាយពេល​លេង​ក្នុងនាម​ជា​កីឡាករ​កម្ចី​នៅឯ​ក្លិប AS Roma របស់​អ៊ីតាលី ផងដែរ៕

ប្រភពពី៖ Channel News Asia

Advertisement