Romaទម្លាក់ Barcelona ក្រោយពី​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់

ខ្សែការពារ Kostas Manolas បាន​ជួយ​ឱ្យ​ក្រុម Roma ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Barcelona នា​កីឡដ្ឋាន StadioOlimpico កាលពី​ថ្ងៃ​អង្គារ។

លទ្ធផល​ក្នុងការ​ប្រកួត​ជើង​ទី2នេះ បានធ្វើឱ្យ​ក្រុម Roma ឈានទៅ​វគ្គ​បន្ត​ដោយសារតែ​គ្រាប់​បាល់​ក្រៅ​ទឹកដី ក្រោយ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​កាលពី​ជើង​ទី1។ Manolas ដែល​រួម​ជាមួយនឹង​ប្រធាន​ក្រុម Daniele De Rossi ដែល​បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង 2គ្រាប់​នា​កីឡដ្ឋាន Camp Nou កាលពី​សប្តាហ៍​មុន​នោះ បានទទួល​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ពី​មិត្ត​រួម​ក្រុម​របស់គេ ក្រោយពី​បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​រយៈពេល 8នាទីចុងក្រោយ ដើម្បី​ធ្វើឱ្យ​អ្នកគាំទ្រ Roma អបអរ​យ៉ាង​ខ្លាំងក្លា និង​បានធ្វើឱ្យ​ក្រុម Barcelona ស្ទើរតែ​មិន​ជឿ​លើ​អ្វីដែល​បានកើត​ឡើង​ចំពោះ​ពួកគេ។

ក្រោយពី​រាត្រី​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Serie A មួយ​នេះ ដែល​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប ជា​លើក​ទី1 ក្នុង​រយៈពេល 3ទសវត្សរ៍​នោះ Manolas បាន​និយាយថា៖ «អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​គឺថា យើង​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។ យើងទាំងអស់គ្នា​មានការ​ជឿជាក់ យើង​មិនបាន​គិតពី​ការប្រកួត​កាលពី​ជើង​ទី1 និង​ការជួប​សំណាង​មិនល្អ​ឡើយ»៕

ប្រភពពី៖ Sport24

Advertisement