Everton ចុះហត្ថលេខា​ជាមួយ Richarlison ក្នុងតម្លៃ​ខ្លួន 40លាន​ផោន

ក្លិប​ទូកក្តោង Everton បាន​បំពេញ​ការចុះហត្ថលេខា​ជា​មូ​យ​នឹង​ខ្សែប្រយុទ្ធ Richarlison មកពី​ក្លិប Watford ក្នុង​កិច្ចសន្យា​រយៈពេល 5ឆ្នាំ។ បើ​យោងតាម​បណ្តាញសារព័ត៌មាន Sky Sports បាន​រាយការណ៍​ថា  ក្លិប Everton បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា 40លាន​ផោន (ស្មើនឹង 52.6លាន​ដុល្លារ​អាមេរិក) សម្រាប់​តារា​ឆ្នើម​វ័យ 21ឆ្នាំ​រូបនេះ។

Richarlison នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក Marco Silva អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Everton ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​កីឡដ្ឋាន Goodison Park ក្នុង​រយៈពេល​ត្រឹមតែ 1ឆ្នាំ ក្រោយពី​យក​កីឡាករ​រូបនេះ​ចេញពី​ក្លិប Fluminense ទៅកាន់​ក្លិប Watford ។ Richarlison បាន​ប្រាប់​ទូរទស្សន៍ evertontv ថា៖ «ខ្ញុំ​ចង់បាន​ការជោគជ័យ​ជាច្រើន​ជាមួយនឹង Everton។

ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​រឿង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​ក្នុងការ​ស្ថិតនៅ​នេះ​ជាមួយនឹង​លោក Marco Silva ម្តងទៀត។ ខ្ញុំ​នឹង​រៀន​ឱ្យបាន​ច្រើន​បន្ថែមទៀត ពីព្រោះ​ខ្ញុំ​នៅតែ​រៀន​ក្នុងនាម​ជា​កីឡាករ​ម្នាក់ ហើយ​ខ្ញុំ​ចង់​អភិវឌ្ឍ និង​រីកចម្រើន​នៅទីនេះ»។ ខ្សែប្រយុទ្ធ​វ័យ 21ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា៖ «Everton បានដាក់​ការជឿជាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​មានបំណង​ក្នុងការ​ផ្តល់​កិត្តិយស​ដល់​អាវ​របស់ខ្ញុំ​នៅទីនេះ និង​បង្ហាញ​នៅលើ​ទីលាន​អំពី​មូល​ហេតុដែល​ខ្ញុំ​បានមក​ទីនេះ»។

ការផ្ទេរ​នេះ​ស្ទើរតែ​បាន​បំពេញ​កាលពី​សប្តាហ៍​មុន​ទៅហើយ ខណៈដែល​Everton បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ ដែល​ធ្លាប់បាន​លេង​ឱ្យ​លោក Silva ក្នុងពេល​លោក​ដឹក​នាំនៅ Watford តែ​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​របស់ Everton៕

ប្រភពពី៖ Sky Sports

Advertisement