សំបុត្រ​ទស្សនា​ជើង​ទី​ពីរ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 លក់​អស់​ក្នុង 5 នាទី

(ប្រទេស​ថៃ) – សំបុត្រ​ជាង 20,000 សម្រាប់​ទស្សនាការ​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 រវាង ថៃ និង​វៀតណាម នៅ​កីឡដ្ឋាន Thammasat ត្រូវបាន​លក់​អស់​គ្មាន​សល់​ក្រោយ​ការបើក​លក់បាន 5 នាទី កាលពី​ព្រឹក​ថ្ងៃទី 12 មករា 2023។

ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 16 មករា លើ​ទីលាន​របស់​កីឡដ្ឋាន Thammasat ក្នុង​រាជធានី​បាងកក អាចដាក់​មនុស្ស​បាន 25,000 នាក់។ គណៈកម្មការ​បាន​បញ្ចេ​ញ​សំបុត្រ​ទស្សនា​ជាង 20,000 ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​លក់​នៅលើ​អន​ឡាញ។ បញ្ជរ​លក់​សំបុត្រ​ត្រូវបាន​បើក​នៅ​ម៉ោង 10 ព្រឹក ហើយ​ប៉ុន្មាន​នាទី​ក្រោយមក ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រុម​ជម្រើសជាតិ​ថៃ ក៏បាន​ប្រកាសថា សំបុត្រ​ត្រូវបាន​លក់​អស់។

​សំបុត្រ​របស់​កៅអី​តំបន់ A សម្រាប់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះមាន​តម្លៃ​ 600 បាត () ខណៈ​កៅអី​តំបន់ B គឺ 450 បាត ចំណែក C និង D គឺ 250 បាត។ សារព័ត៌មាន Thairath បាន​ផ្សាយ​ថា សំបុត្រ​ដែល​ត្រូវបាន​ឈ្មួញ​សំបុត្រ​ពពាយនាយលក់​​នៅ​ខាងក្រៅ​កីឡដ្ឋាន​ ​មានតម្លៃ​ខ្ពស់ជាង​ពីរដង​ធៀប​នឹង​​តម្លៃ​ដើម។

ដោយឡែក សំបុត្រ​សម្រាប់​អ្នកគាំទ្រ​របស់​ក្រុម​វៀតណាម នៅ​ Thammasat គឺ​មានតម្លៃ 750 បាត។ ទីតាំង​សម្រាប់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ស្ថិត​នៅជាប់​នឹង​ទីតាំង​សារព័ត៌​មាននៅ​តំបន់​ A។

តម្លៃ​សំបុត្រ​សម្រាប់​ទស្សនា​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ មានតម្លៃ​ទាប​ជាង​ពាក់កណ្ដាល ធៀប​នឹង​សំបុត្រ​នៅ​ជើង​ទីមួយ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន My Dinh នៅ​ហាណូយ​ ដែល​អាចដាក់​មនុស្ស​បាន​ប្រហែល 40,000 នាក់។ ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ដាក់លក់​សំបុត្រ 4 ប្រភេទ រួមមាន តម្លៃ 400,000, 600,000, 800,000 និង 1 លាន​ដុង។ មកដល់​រសៀល​ម្សិលមិញ ឈ្មួញ​សំបុត្រ​នៅ​ខាងក្រៅ​កីឡដ្ឋាន My Dinh បាន​ដំឡើងថ្លៃ​សំបុត្រ​ខ្ពស់ជាង​មុន 4 ដង។ សំបុត្រ​ចូល​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​ត្រូវបាន​វៀតណាម​លក់​អស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ និង​ទី​ពីរ​របស់​ AFF Cup 2022 នឹង​ត្រូវបាន​ប្រកួត​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 13 មករា និង 16 មករា​ខាងមុខ៕

សំបុត្រទស្សនាជើងទីពីរវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2022 លក់អស់ក្នុង 5 នាទី
អ្នកគាំទ្រ​ក្រុម​ថៃ ក្នុង​ការ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​
អ្នកគាទ្រ​ក្រុម​ជម្រើស​ជាតិ​ថៃ
Advertisement