Lochte រង​ពិន័យ​ព្យួរ 14ខែ ក្រោយពី​រកឃើញ​សារធាតុ​ហាមឃាត់​ក្នុង​ឈាម

ម្ចាស់​មេដាយមាស​អូឡាំពិក​លើ​វិញ្ញាសា​ហែល​ទឹក 6សម័យកាល Ryan Lochte បាន​រង​ការពិន័យ​ព្យួរ​រយៈពេល 14ខែ​សម្រាប់​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ប្រឆាំង​សារធាតុ​ហាមឃាត់ ក្រោយពី​រូបគេ​ទទួល​ការព្យាបាល​មួយ​ដោយ​ការចាក់​បញ្ចូល​តាម​សរសៃឈាម។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ភ្នាក់ងារ​ប្រឆាំងនឹង​សារធាតុ​ហាមឃាត់​របស់​អាមេរិក (USADA) កាលពី​ថ្ងៃ​ចន្ទ។

បើទោះបី USADA បញ្ជាក់ថា Lochte មិនបាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក៏ដោយ ប៉ុន្តែ​អត្ត​ព​លិ​ក​ទាំងអស់​ត្រូវតែ​ទទួលយក​ការចាក់​ថ្នាំ​បញ្ចូល​តាម​សរសៃឈាម​ដែលជា​ផ្នែក​មួយ​នៃ​ការព្យាបាល​ផ្នែក​សុខាភិបាល ឬ​តាមរយៈ​ការព្យាបាល​ផ្សេងទៀត​ប្រកបដោយ​ការជឿជាក់។ Lochte បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ South Florida ថា៖ «ខ្ញុំ​មិនបាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ឡើយ។ រាល់អ្វីៗទាំងអស់​គឺ​ស្របច្បាប់។ អ្នក​អាច​ទទួលយក​ការព្យាបាល ប៉ុន្តែ​វា​គឺ​ស្របច្បាប់ ហើយ​អ្នក​ត្រូវតែ​គោរព​ច្បាប់​ទាំងនោះ»។

កីឡាករ​ហែល​ទឹក​របស់​អាមេរិក​វ័យ 33ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបភាព​មួយ​របស់គេ​ក្នុងពេល​ទទួល​ការព្យាបាល​តាម​សរសៃឈាម នៅលើ​បណ្តាញ​សង្គម កាលពី​ខែឧសភា ដែល​បានធ្វើឱ្យ USADA បើក​ការស៊ើបអង្កេត​មួយ​តែម្តង ខណៈដែល Lochte បាន​បញ្ជាក់ថា រូបគេ​បាន​ចូលរួម​សហការ​យ៉ាង​ពេញទំហឹង​ជាមួយនឹង​មន្ត្រី​ច្បាប់​របស់​អង្គភាព​នេះ៕

ប្រភពពី៖ Channel News Asia

Advertisement