Ronaldo ជួប​បរាជ័យ​លើកដំបូង​នៅក្នុង​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

ខ្សែប្រយុទ្ធ Cristiano Ronaldo

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ឆ្លងកាត់​ការប្រកួត​មួយ​ដ៏​លំបាក និង​ខកចិត្ត នៅពេល Al Nassr ដែល​​ជា​ក្រុម​ថ្មី​របស់គាត់​ត្រូវ Al Ittihad ជម្រុះ​ចេញពី Saudi Super Cup។

វេលា​ទៀបភ្លឺ​ថ្ងៃទី 27 មករា (ម៉ោង​នៅ​កម្ពុជា) នៅក្នុង​ការប្រកួត​ទី​ពីរ​សម្រាប់​ក្លឹប​ថ្មី​រាប់​ចាប់តាំងពី​​ពេល​បាន​​ចាក​​ចេញ​ពី​ក្លឹប​​ Manchester United ខ្សែប្រយុទ្ធ Cristiano Ronaldo ជាថ្មី​ម្ដងទៀត​បានក្លាយ​ជា​ប្រធាន​ក្រុម​កីឡាករ​របស់​ក្លឹប Al Nassr ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់​បាល់ទាត់​កំពូល​របស់​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Super Cup)។ ប៉ុន្តែ កំពូល​កីឡាករ​រូបនេះ​បាន​ជួប​ការលំបាក​នៅពេល​បាត់បង់​ឱកាស​មាស​ក្នុងការ​រកបាន​គ្រាប់​បាល់​ស្មើ បន្ទាប់ពី Romarinho ជួយ​ឱ្យ​ក្លឹប Al Ittihad នាំមុខ​មុន។

ក្រុម Al Ittihad រកបាន​គ្រាប់​ទី​ពីរ​ដោយ​ថ្វី​ជើង​របស់​កីឡាករ Abderrazak Hamdallah មុនពេល Aderson Talisca ជួយ​ឱ្យ Al Nassr រកបាន 1 គ្រាប់​នៅក្នុង​តង់​ទី​ពីរ។ ប៉ុន្តែ កីឡាករ Muhannad Shanqeeti បាន​ដកហូត​ក្ដីសង្ឃឹម​របស់ Al Nassr ដោយ​គ្រាប់​បាល់​ទី​បី​របស់ Al Ittihad និង​បាន​ជម្រុះ Al Nassr របស់ Ronaldo ចេញពី Saudi Super Cup ក្នុង​លទ្ធផល 3-1។

2 ឆ្នាំ​កន្លង រាប់​ចាប់ពី​លើកចុងក្រោយ​ដែល Ronaldo ដណ្ដើមបាន​ពាន​ធំ​មួយ នោះ​គឺ Coppa Italia ខ្សែប្រយុទ្ធ​រូបនេះ​មិនបាន​លើក​ពានប្រាក់​ណាមួយទៀត​ ​នៅពេល​ចូល​ទាត់​ជា​លើក​ទី​ពីរ​ឱ្យ Manchester United។ យ៉ាងណាក៏ដោយ នៅក្នុង​ក្លឹប Al Nassr ដែលជា​ក្លឹប​កំពូល​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត CR7 ត្រូវបាន​គេ​មើលឃើញថា អាចមាន​ឱកាស​ច្រើន​​ដើម្បី​​ស្វែង​រក​​ពាន​​បន្ថែម។ ក៏ប៉ុន្តែ ក្ដីសង្ឃឹម​នេះ​បាន​រលត់​បាត់​ យ៉ាងហោច​ក៏​នៅក្នុង​ដំណាក់កាល​បច្ចុប្បន្ន។

ក្រុម Al Ittihad ពេលនេះ​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Saudi Super Cup ដោយ​នឹងត្រូវ​ប៉ះ​ក្រុម Al Feiha។ នេះ​​មាន​ន័យ​ថា​ ឱកាស​មាស​សម្រាប់ Ronaldo សម្រាប់​ការ​លើក​ពាន​នៅ Saudi Super Cup បាន​កន្លងផុត​ទៅក្នុង​ភាព​​ទុក្ខ​ព្រួយ​៕

Advertisement