Hamilton ឈ្នះ​ការប្រណាំង German GP បើទោះបី​មានការ​ព្រមាន​ពី​មន្ត្រី​រៀបចំ​ការប្រកួត​ក្ដី

កីឡាករ Lewis Hamilton បាន​បញ្ជាក់ថា រូបគេ «មិន​ធ្លាប់ធ្វើ​ការប្រណាំង​បែបនេះ​ឡើយ» ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​របស់គេ​ក្នុងការ​ប្រណាំង​រថយន្ត German Grand Prix ខណៈដែល​កីឡាករ​ជា​គូប្រជែង​របស់គេ Sebastian Vettel បាន​ធ្លាក់​ចេញពី​ការ​ប្រជែង។

រយៈពេល 3ថ្ងៃ ក្រោយពី​ការប្រកាស​ពី​ការបន្ត​កុងត្រា​រយៈពេល 3ឆ្នាំ​ទៀត​របស់គេ ម្ចាស់​ការពារ​តំណែង​ជើងឯក​ពិភពលោក 4សម័យកាល​រូបនេះ បាន​ប្រើប្រាស់​ល្បឿន​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម Mercedes ខណៈដែល​រូបគេ និង​មិត្ត​រួម​ក្រុម​របស់គេ Valtteri Bottas ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 នៅលើ​ទឹកដី​អាល្លឺម៉ង់។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​មន្ត្រី​រៀបចំ​ការប្រកួត សម្រាប់​ការប្រើប្រាស់​ល្បឿន​លឿន​ពេក​ក្នុងពេល​ចាក​ចេញពី​កន្លែង​ប្តូ​រកង់ នៅពេលដែល​ក្រុមការងារ​របស់គេ​បញ្ចប់​ការផ្លាស់ប្តូ​រកង់ ស្រប​ពេលដែល​រថយន្ត​សុវត្ថិភាព​បានបង្ហាញ​ខ្លួន។ ក្នុង​សេចក្តីប្រកាស​នោះ មន្ត្រី​រៀបចំ​ការប្រកួត​បានបញ្ជាក់​ថា វា​ជាការ​រំលោភបំពាន​មួយ​យ៉ាងច្បាស់ ប៉ុន្តែ​បានសម្រេច​ចិត្ត​ចេញ​ត្រឹមតែ​ការស្តីបន្ទោស​ប៉ុណ្ណោះ។

Hamilton បានចាប់ផ្តើម​ប្រណាំង​ដោយ​ស្ថិត​លើ​លេខ​រៀង​ទី14 នៅលើ​ទីលាន ក្រោយពី​ធ្វើ​មិន​បានល្អ​ក្នុងការ​ប្រណាំង​ជម្រុះ កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ ការប្រើប្រាស់​ល្បឿន​ដ៏​ល្អ បូករួម​ទាំង​ការ​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​បាន​ជួយ​ឱ្យ​រូបគេ​ដណ្តើមបាន​ជ័យជម្នះ​តែម្តង។ Hamilton បានឱ្យដឹងថា៖ «វា​ពិតជា​លំបាក​ណាស់​ពី​ទីតាំង​នោះ និង​មិនអាច​យកឈ្នះ​បានឡើយ ប៉ុន្តែ អ្នក​ត្រូវតែមាន​ការជឿជាក់»៕

ប្រភពពី៖ Channel News Asia

Advertisement