ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុក ស្រីមុំ មិនទាន់ជឿជាក់ថា ខ្លួនអាចឈ្នះស៊ីហ្គេមនៅម៉ាឡេស៊ីនៅឡើយ

នៅសល់តែជាង៣ខែទៀតប៉ុណ្ណោះថ្នាក់ដឹកនាំកីឡានៅកម្ពុជានឹងដឹកនាំក្រុមអត្តពលិកកម្ពុជាប្រមាណជាង ២៥ប្រភេទកីឡាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ។

ខណៈដែលម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកឆ្នាំ២០១៧ អ្នកស្រី អ៊ុក ស្រីមុំ បានបង្ហាញក្ដីបារម្ភ ដោយមិនទាន់ច្បាស់ខ្លួនឯងថានឹង អាចឈ្នះមេដាយមកជូនជាតិនៅឡើយ។ ២លើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ គឺដណ្ដើមបានមេដាយជាប់រហូតលើវិញ្ញាសាវាយគូ តែពុំធ្លាប់ឈ្នះបានមេដាយមាសឡើយ ដែលក្នុងនោះមានស៊ីហ្គេម ឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយកីឡាករ ឌុច សោភ័ណ្ឌ ឈ្នះមេដាយប្រាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាប៉េតង់ថៃ ។

ចំណែកស៊ីហ្គេមឆ្នាំ២០១៥នៅសិង្ហបុរី កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយអតីតម្ចាស់មេដាយមាសពិភពលោកអ្នកស្រី កែ ឡេង ប្រកួតចាញ់ក្រុមថៃដដែល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។ ថ្លែងក្នុងពិធីដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីកាលពីពេលថ្មីៗកន្លងទៅ អ្នកស្រី អ៊ុក ស្រីមុំ ឲ្យដឹងថា៖ ចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ គឺខុសពីការប្រកួតជើងឯកពិភពលោកកាលពីថ្ងៃមុន ដោយស៊ីហ្គេមខ្លួនត្រូវប្រកួតលើវិញ្ញាសាវាយគូ រីឯការដណ្ដើមបានមេដាយមាសពិភពលោកថ្ងៃមុន គឺលើវិញ្ញាសាវាយឯកគ្គតជននារី។

ដូច្នេះវាមានភាពខុសគ្នាច្រើនរវាងវិញ្ញាសាទាំងពីរនេះ ហើយឱកាសស្វែងរកមេដាយក៏អាចនឹងពិបាកដែរ ។ ប៉ុន្ដែអ្នកស្រីបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីមុខមាត់ប្រទេសជាតិ៕

Advertisement