បារាំង ថា Thierry Henry ស្ថិតក្នុង​ជំរំ​ខុស សម្រាប់​វគ្គ1/2ផ្តាច់ព្រ័ត្រ

នៅពេលដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ ត្រៀម​សម្រាប់​ការប្រកួត World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អតីត​កីឡាករ​ឆ្នើម​របស់​បារាំង Thierry Henry នឹង​សម្លឹងមើល​ពួកគេ​ពីក្រោយ​ខ្នង ពីលើ​កៅអី​របស់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ហើយ​ក្រុម​មាន​រហស្សនាម​ថា Les Bleus មិនអាច​បញ្ឈប់​ការនិយាយ​ពី​បញ្ហា​នេះ​បានឡើយ។

លោក Henry ដែលជា​សមាជិក​របស់​ក្រុម​បារាំង​ដែល​បានឈ្នះ​ពាន World Cup ឆ្នាំ1998 លើ​ទឹកដី​ខ្លួនឯង​នោះ ឥឡូវ​បាន​ក្លាយជា​ជំនួយការ​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក គឺ​លោក Roberto Martinez ចាប់តាំងពី​ឆ្នាំ2016 មកម្ល៉េះ និង​បាន​ជួយ​ឱ្យ​ក្រុម​ដែលមាន​រហស្សនាម​ថា បិសាច​ក្រហម​មួយ​នេះ ឈានទៅដល់​វគ្គ 4ក្រុម​ចុងក្រោយ​នៃ World Cup ជា​លើក​ទី2 ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។

អតីត​តារា​ឆ្នើម​រូបនេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី 51គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ជា​អន្តរជាតិ 123លើក និង​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក និង Euro នោះ បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ផែនការផ្សេងៗក្នុងការ​រារាំង​មិនឱ្យ​ឈានដល់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​រុស្ស៊ី។ ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Olivier Giroud បានឱ្យដឹងថា៖ «វា​នឹង​ក្លាយជា​រឿង​ដ៏​ចម្លែក​មួយ​ក្នុងការ​មាន​រូបគាត់​តតាំង​នឹង​យើង។ គាត់​កំពុងតែ​ស្ថិត​ជា​វីរបុរស​របស់​កីឡាបាល់ទាត់​បារាំង។ គាត់​បាន​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​បារាំង​ជាច្រើន ហើយ​យើង​មានការ​គោរព​ដ៏​ច្រើន​សម្រាប់​អ្វីដែល​គាត់​បានធ្វើ»។

Giroud ដែល​បាន​និយាយ​ដោយ​ប្រើប្រាស់​ឈ្មោះ​ក្រៅ​របស់ Henry នោះ បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ ពិតណាស់ ខ្ញុំ​នឹងមាន​មោទនភាព​ក្នុងការ​បង្ហាញ​ឱ្យ​លោក Titi ឃើញថា​គាត់​បានជ្រើសរើស​ជំរំ​ខុស​ហើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1រំលងអធ្រាត្រ៕

ប្រភពពី៖ Channel News Asia

Advertisement