អង់​គ្លេស សុបិន​ពីការ​លើកពាន World Cup ខណៈ​អ្នក​គាំទ្រ​រុស្ស៊ី អរ​គុណ​ដល់​ក្រុម​ខ្លួន

ក្រុម​បាល់​ទាត់​​​ជម្រើស​ជាតិ​អង់គ្លេស កាល​ពី​ថ្ងៃ​អាទិត្យ កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅរកការ​ឈាន​ទៅ​កាន់​ការ​ប្រកួត​​ព្រឹត្តិ​ការណ៍ World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​1 ​របស់​ពួកគេ បើ​គិត​ចាប់​តាំង​ពីឆ្នាំ​1990  ខណៈ​ដែល​​អ្នក​គាំទ្រ​របស់​​រុស្ស៊ី បាន​ថ្លែង​អំណរ​គុណ​ដល់​​កីឡាករ​ដែល​ខក​ចិត្ត​របស់​ខ្លួន ក្រោយពី​ដំណើរ​ផ្សង​ព្រេង​ក្នុង World Cup របស់​ពួក​គេ ត្រូវ​បាន​បញ្ចប់​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​​ក្រូ​អាស៊ី​។

ក្រុម​យុវ​ជន​របស់​លោក Gareth Southgate បាន​យកឈ្នះ​លើក្រុម​​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុងលទ្ធផល 2-០ កាលពីថ្ងៃ​សៅរ៍ ដែលនាំ​ឱ្យ​មានការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ក្នុង​ប្រទេស​អង់គ្លេស ខណៈ​ដែល​មនុស្ស​យ៉ាងហោច​ណាស់​ 20​លាន​នាក់​បាន​ទស្ស​នា​ការ​ប្រកួតនេះ នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​។ ពួក​គេ​​​នឹង​ត្រូវ​ជួប​​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី ដែល​​ត្រូវ​​តែ​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់សេចក្តី សម្រាប់​ការ​ប្រកួត​ 2លើក​ជាប់​ៗ​គ្នា ពីមុខ​អ្នក​ទស្ស​នា​ដោយផ្ទាល់ចំនួន​ 8​ម៉ឺន​នាក់ នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ កាល​ពី​ថ្ងៃ​ពុធ​។ ប៉ុន្តែ ដំ​បូង​ឡើយ ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក របស់​លោក Roberto Martinez នឹង​ត្រូវ​ព្យា​យាម​ឈាន​ទៅ​​ព្រឹត្តិ​ការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ ជាលើក​ទី​1 របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ជួប​ជា​មួយ​នឹងក្រុម​​ជើងខ្លាំង បារាំង ក្នុង​ទីក្រុង Saint Petersburg នៅ​ថ្ងៃ​អង្គារ​នេះ​។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស កំពុង​តែ​ស្ថិត​ក្នុងភាព​រំភើប​​ក្នុងពេលក្រុម​របស់​​ខ្លួន​​ឈាន​ទៅ​វគ្គ​ 4​ក្រុម​ចុ​ង​ក្រោយនៃ​​យុទ្ធ​នាការ World Cup ខណៈ​អ្នក​គាំទ្រ​ចាប់​​ផ្តើម​ជឿជាក់​ថា ពួកគេ​អាច​លើក​ពាន​ជាលើក​ទី​1 បើ​​គិត​ចាប់​តាំងពីឆ្នាំ​1966​។ គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​​ពីសំណាក់​ខ្សែ​ការ​ពារ Harry Maguire របស់​ក្លិប Leicester និង​ខ្សែ​បម្រើ Dele Alli របស់ Tottenham បាន​ជួយ​ឱ្យ​អង់គ្លេស ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុង​ទីក្រុង​ Samara ស្រប​ពេល​ដែល​កីឡាករ​ឆ្នើម​ប្រចាំ​​ការ​ប្រកួត​គឺ​​អ្នក​ចាំទី Jordan Pickford បាន​សង្គ្រោះ​បាល់​ដ៏ល្អ​ចំនួន​ ​3លើក​៕

ប្រភព​ពី៖ Channel News Asia

Advertisement