ការបរាជ័យ​របស់ Murray ក្នុង Eastbourne ក្លាយជា​ពពក​ខ្មៅ​ក្នុង Wimbledon

កីឡាករ​វាយ​កូន​បាល់ Andy Murray បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៦-៤ និង៦-៤ ក្រោម​ស្នាដៃ​កីឡាករ​ចក្រភព​អង់គ្លេស​ដូចគ្នា Kyle Edmund ក្នុង​ព្រឹត្តិការណ៍ Eastbourne កាលពី​ថ្ងៃ​ពុធ ដើម្បី​ធ្វើឱ្យ​ការចូលរួម​របស់​អតីត​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​រូបនេះ ក្នុង​យុទ្ធនាការ Wimbledon នេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់។

Murray ដែលជា​ម្ចាស់​ជើងឯក​ពាន Wimbledon 2 សម័យកាល បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ156 ក្នុង​ពិភពលោក ក្រោយពី​វិល​ទៅកាន់​ការប្រកួត​វិញ​ក្នុង​ព្រឹត្តិការណ៍ Queen’s កាលពី​សប្តាហ៍​មុន ក្រោយពី​បាន​អវត្តមាន​អស់​រយៈពេល 11ខែ ដោយសារតែ​បញ្ហា​របួស​ចង្កេះ។

កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ បាន​រង​បរាជ័យ​ក្នុង​ជុំ​ទី1 ក្នុង​ព្រឹត្តិការណ៍ Queen’s ប៉ុន្តែ​បានទទួល​នូវ​ការជឿជាក់​តាមរយៈ​ការ​ផ្តួល​ម្ចាស់​ជើងឯក​ពានរង្វាន់ធំៗ 3សម័យកាល Stan Wawrinka ក្នុងការ​ប្រកួត​បើកឆាក​នៃ​ព្រឹត្តិការណ៍ Eastbourne កាលពី​ថ្ងៃ​ចន្ទ។

Murray បាន​ជួប​បញ្ហា​របួស​ចង្កេះ​រប​ស់​គេ​ក្នុង​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ នា​ព្រឹត្តិការណ៍ Wimbledon កាលពី​ឆ្នាំមុន និង​បានទទួល​ការវះកាត់​កាលពី​ខែមករា។ ព្រឹត្តិការណ៍ Wimbledon នៅ​ឆ្នាំនេះ​នឹង​ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយនេះ៕

ប្រភពពី៖ Channel News Asia

Advertisement