Wozniacki និង Kerber ធ្លាក់​ចេញពី​យុទ្ធ​នាការ Wuhan Open

កីឡា​​ការិនី​​​វាយ​កូន​​បាល់​ចំណាត់ថ្នាក់​លេខ​2 ក្នុងពិភព​លោក Caroline Wozniacki និង​កីឡា​​ការិនី Angelique Kerber ដែល​ជាម្ចាស់​ជើង​ឯក Wimbledon សុទ្ធ​សឹង​បាន​ធ្លាក់​ចេញ​យ៉ាងមិន​នឹកស្មាន​ដល់​ក្នុង​ព្រឹត្តិការណ៍ Wuhan Open ក្នុង​ប្រទេស​ចិន កាលពីថ្ងៃពុធ ក្រោយពី​កីឡា​ការិនី​ទាំង​2 សុទ្ធ​តែ​​ចាញ់​ក្រោម​ស្នា​ដៃ​​គូ​ប្រកួត​ដែល​មាន​សមត្ថ​ភាព​ទាប​ជាងទាំងអស់​។

ម្ចាស់​ជើង​ឯក​អូឡាំពិក Monica Puig បាន​​ផ្តល់​កា​ដូ​ដ៏​ធំ​មួយ​ដល់ខ្លួន​ឯង​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង តាម​រយៈ​ការ​ផ្តួល Wozniacki ក្នុងលទ្ធផល 7-6 (12-10) និង 7-5 ដើម្បី​ឈាន​ទៅ​វគ្គ​​1/4ផ្តាច់​ព្រ័ត្រ​។ កីឡា​ការិនី​រូបនេះ ត្រូវ​បាន​ចូល​រួម​ក្នុង​វគ្គ​ 8​នាក់​ចុងក្រោយ ​ដោយ​កីឡា​ការិនី Ashleigh Barty ​បាន​ផ្តួល​កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​3 ​ក្នុងពិភព​លោក Kerber ក្នុងលទ្ធផល 7-5 និង​6-1​។ Puig ដែលមាន​ចំណាត់​ថ្នាក់​លេខ​51 ​ក្នុងពិភព​លោក បាន​​ក្លាយ​ជា​គូ​ប្រកួត​ដ៏​ស័ក្តិ​សម​សម្រាប់ Wozniacki ដែល​បាន​បាត់​បង់​ឱកាស​ក្នុង​ការ​កាត់បន្ថយ​គម្លាត​ពី​ចំណាត់​ថ្នាក់​លេខ​1​ ក្រោយពី​កីឡា​ការិនី​លេខ​1 ​ក្នុង​ពិភព​លោក Simona Halep បាន​ធ្លាក់​ចេញ​កាលពីថ្ងៃចន្ទ​។ Wozniacki បាន​ចាប់​ផ្តើម​យ៉ាងល្អ​​ក្នុង​ការ​ប្រកួតនេះ តាម​រយៈ​ការ​យកឈ្នះ​​ការ​ប្រកួត​ដណ្តើម​យក​ 3​ពិន្ទុ​ដំបូង ប៉ុន្តែ កីឡាការិនី​ព័រ​តូ​រីកូ Puig បាន​ធ្វើ​ការ​វាយ​បក​វិញ​យ៉ាង​ឆាប់​រហ័ស ដើម្បី​​ឈ្នះ​ការ​ប្រកួត​ទាំង​ 2​សិត​យ៉ាងស្វិតស្វាញ​។

បច្ចុប្បន្ន Puig នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​កីឡា​ការិនី​ចិន Wang Qiang ដែល​បាន​​ទម្លាក់​កីឡា​​ការិនី​អូ​ស្ត្រាលី Daria Gavrilova ក្នុងលទ្ធផល 7-5 និង​6-2 ដើម្បី​ផ្តល់​ការ​រីក​រាយ​ដល់​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​៕

ប្រភពពី៖ Channel News Asia

Advertisement