អង់គ្លេស ទៅ​វគ្គ 16ក្រុម ខណៈ​ជប៉ុន និង​កូ​ឡុំ​ប៊ី រក្សា​ក្តីសង្ឃឹម​ក្នុង World Cup

ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 ដោយ​ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់​កាលពី​ថ្ងៃអាទិត្យ។

បច្ចុប្បន្ន Kane រកបាន5គ្រាប់​ក្នុងប្រទេស​រុស្ស៊ី ដើម្បី​ឡើងឈរ​ពីលើ​ខ្សែប្រយុទ្ធ Cristiano Ronaldo និង​RomeluLukaku ក្នុងការ​ប្រជែង​ដណ្តើម​ស្បែកជើង​មាស ខណៈដែល​ក្រុម​របស់​អាមេរិក​កណ្តាល​មួយ​នេះ ត្រូវបាន​ទម្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​រួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី។ ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក និង​អង់គ្លេស ដែល​នឹងត្រូវ​ជួបគ្នា​ក្នុង​ទីក្រុង Kaliningrad នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្រជែង​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ1ក្នុង​ពូ​ល G នោះ សុទ្ធសឹង​មាន6ពិន្ទុ​ដូចគ្នា ក្រោយពី​ការប្រកួត 2លើក និង​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ស្មើគ្នា។ លោក AliouCisse គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ បាន​ប្រាប់​តារា​ឆ្នើម Sadio Mane ឱ្យ​បង្កើន​ទម្រង់​លេង​របស់ខ្លួន​ក្នុង​យុទ្ធនាការ World Cup បើទោះបី​ខ្សែប្រយុទ្ធ​របស់​ក្លិប Liverpool រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់ ក្នុងពេល​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ។ ខ្សែប្រយុទ្ធ​បម្រុង Keisuke Honda បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​រយៈពេល12នាទីចុងក្រោយ ខណៈដែល​ជប៉ុន បានធ្វើការ​វាយបក2លើក ដើម្បី​តាម​ស្មើ​សេ​ណេ​ហ្គា​ល់ ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Yekaterinburg Arena ដែល​ធ្វើឱ្យ​ពូ​ល H ស្ថិតក្នុង​លក្ខ​ខណៈ​បើកចំហ។

ស្របពេល​ជាមួយគ្នានេះ លោក Jose Pekerman គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​ផ្ញើ​ជ័យជម្នះ 3-០ លើ​ក្រុម​ប៉ូឡូញ ក្នុងការ​ប្រកួត World Cup លើ​ក្រុម​ប៉ូឡូញ ទៅឱ្យ​ខ្សែបម្រើ Carlos Sanchez កាលពី​ថ្ងៃអាទិត្យ ក្រោយពី​មាន​ព័ត៌មាន​ថា កីឡាករ​រូបនេះ​បានទទួល​ការ​គំរាម​សម្លាប់​សម្រាប់​ការទទួល​កាត​ក្រហម​របស់គេ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន៕

ប្រភពពី៖ Sport24

Advertisement