Messi មាន​អារម្មណ៍​ថា ឈឺចាប់ ខណៈ​ក្តី​សុបិន​ក្នុង World Cup ធ្លាក់​ចូលក្នុង​ភាពអាក្រក់

Lionel Messi បាន​ដើរទៅ​កាន់​ច្រកចេញ​នា​កីឡដ្ឋាន Nizhny Novgorod ដោយ​ក្បាល​របស់គេ​ឱន​ចុះក្រោម ក្រោយពី​បានដឹងថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ប្រឈមមុខ​នឹង​ការធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​យ៉ាង​គួរឱ្យ​អាម៉ាស់​បំផុត​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី។

តារា​ឆ្នើម​របស់​ក្លិប Barcelona រូបនេះ ត្រូវបាន​រារាំង​ទាំងស្រុង​ដោយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្នុងពេល​ចាញ់​ក្នុង​លទ្ធផល 3-០ ដែល​បានធ្វើឱ្យ​ក្រុម​របស់​អាមេរិក​ខាងត្បូង​មួយ​នេះ​ត្រូវការ​ឈ្នះ​ជាដាច់ខាត​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក្នុង​ពូ​ល ដើម្បី​រក្សា​ក្តីសង្ឃឹម​នៃ​ការ​ឈានទៅ​វគ្គ​បន្ត។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី2 របស់​កីឡាករ Ante Rebic, Luka Modric និង Ivan Rakitic ដែល​គ្រាប់​បាល់​ទី1បានកើត​ឡើង​ដោយសារ​ការធ្វេសប្រហែស​របស់​អ្នកចាំទី Willy Caballero បាន​បំពេញ​ជ័យជម្នះ​យ៉ាង​ល្អ​មួយ​សម្រាប់​ក្រុម​មកពី​អឺរ៉ុប​មួយ​នេះ និង​បានធ្វើឱ្យ​ពួកគេ​ឈ្នះ​កៅអី​ទៅ​វគ្គ 16ក្រុម​ចុងក្រោយ។

លោក Sampaoli បាន​បញ្ជាក់ថា លទ្ធផល​នេះ គឺជា​កំហុស​របស់លោក​ទាំងស្រុង និង​បាន​សុំ​ការ​អភ័យទោស​ពី​អ្នកគាំទ្រ ដែល​បាន​ចាក​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក នា​កីឡដ្ឋាន Nizhny Novgorod លើ​ច្រាំងទន្លេ River Volga។

Soccer Football – World Cup – Group D – Argentina vs Croatia – Nizhny Novgorod Stadium, Nizhny Novgorod, Russia – June 21, 2018 Argentina’s Lionel Messi looks dejected after the match REUTERS/Ivan Alvarado

លោក Sampaoli បានឱ្យដឹងថា៖ «ដំបូង​ឡើយ ខ្ញុំ​សុំ​ការលើកលែងទោស​ពី​ពួកគេ ជាពិសេស​អ្នក​ដែល​បានធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ដើម្បី​មើល​ក្រុម​អា​ហ្ស​ង់​ទីន។ ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ​សម្រាប់​លទ្ធផល​នេះ ប៉ុន្តែ ខ្ញុំ​ក៏​ខកចិត្ត​ដូច​អ្នកគាំទ្រ​ផងដែរ»។

ការរង​បរាជ័យ​ក្នុងការ​ប្រកួត​ក្នុង​ពូ​ល D នេះ មានន័យថា អា​ហ្ស​ង់​ទីន ដែលជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុង​ការលើក​ពាន​មុន​យុទ្ធនាការ​នេះ​ចាប់ផ្តើម និង​ជា​ក្រុម​ជើងឯក​រង​កាលពី​ឆ្នាំ2014 នោះ កំពុងតែ​ស្ថិត​លើផ្លូវ​នៃ​ការធ្លាក់​ចេញ​ដ៏​អាម៉ាស់​ត្រឹម​ជុំ​ទី1៕

ប្រភពព័ត៌មាន៖ Channel News Asia

Advertisement