លោក Zidane ចាក​ចេញ ដោយ​សារ​​តែ​ឈ្លោះ​ជាមួយ​លោក Perez រឿង Hazard និង De Gea

លោក Zinedine Zidane បាន​​លា​លែង​ពី​តំណែងអ្នក​ចាត់​កា​រទូទៅ​របស់​ក្រុម Real Madrid ក្រោយ​ពី​មាន​ជម្លោះ​​ជាមួយ​នឹង​លោក Florentino Perez ជុំ​វិញ​​គោល​ន​យោ​បាយ​ដោះ​ដូរ​កីឡាករ​របស់​ក្លិប ពាក់ព័ន្ធនឹង​តារា​ឆ្នើម Eden Hazard និង​អ្នក​ចាំ​ទី David De Gea​។ នេះ​បើយោង​​តាម​​ប្រភព​ព័ត៌​មាន​​នានា​។

ក្រោយ​ពី​បានដឹកនាំ​ឱ្យក្រុម Real Madrid លើកពាន Champions League ចំនួន 3លើក​ជាប់​ៗ​គ្នា​ តាម​រយៈ​ការ​យកឈ្នះ​ក្នុងលទ្ធ​ផល 3-1 លើ​ក្រុម Liverpool រួចមកលោក Zidane បាន​លា​លែង​ពី​តំណែង​ជា​គ្រូបង្វឹក​ដ៏មិន​នឹក​ស្មាន​ដល់​កាល​ពី​ចុង​សប្តាហ៍មុន​។ លោក Perez ប្រធាន​ក្លិប Real បាន​ទទួល​ស្គាល់​ថា ការ​​សម្រេច​ចិត្តនេះត្រូវ​បាន​ធ្វើ​​ឡើង​ដោយ​មិននឹកស្មានដ​ល់​ ស្រប​ពេលដែល​លោក Zidane បាន​ធ្វើ​ការ​បដិ​សេធក្នុង​ការ​ប្រកាស​ពីមូលហេតុដែលនាំឱ្យ​លោក​សម្រេចចិត្ត​លា​លែង​ពី​តំណែងនាពេលនោះ​។ បើ​យោង​​តាម​បណ្តាញ​សារ​ព័ត៌​មាន The Sun បានឱ្យដឹងថា លោក Zidane និង​លោក Perez បាន​ប៉ះ​ទង្គិច​ពាក្យ​​សម្តី​គ្នា នៅ​ពេល​ល្ងាច​ថ្ងៃព្រហស្បតិ៍មុន​ពេល​​ការ​ចាក​ចេញ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​បារាំង​រូបនេះ​​។

កា​សែត​ដដែល​បាន​ចេញផ្សាយ​ថា លោក Zidane​ បាន​ស្នើ​សុំ​ឱ្យ​លោក Perez ចុះ​ហត្ថលេខា​ជាមួយ​នឹង Hazard ប៉ុន្តែ ​ប្រធាន​ក្លិប​​របស់ Real Madrid បាន​​បដិ​សេធ​ក្នុង​ការ​​ផ្ទេរតា​រាឆ្នើម​របស់​ក្លិប Chelsea រូបនេះ​​ ដោយលោក Perez បាន​បញ្ជាក់​ប្រាប់ទៅ​លោក Zidane វិញថា លោក​ចង់​​ធ្វើ​ការ​ព្យា​យាម​​មួយ​ផ្សេង​ទៀត​ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំ​ទី De Gea  ប៉ុន្តែគ្រូបង្វឹក​សញ្ជាតិ​​បារាំង​រូបនេះ ចង់​រក្សា​ទុក KeylorNavas​។

បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់ The Sun បានបញ្ចប់សេចក្ដីថា លោក Zidane បាន​បញ្ចប់​ជម្លោះ​នោះតាម​រយៈ​ការ​ប្រាប់ទៅ​លោក Perez ថា៖ «ខ្ញុំ​និយាយ​ចប់​ហើយ​…លោក​មើល​ថែ​ក្រុម​នេះ​ដោយ​ខ្លួន​ឯង​ចុះ​»​៕

ប្រភព​ពី​៖ Metro

Advertisement