Pickford ៖​ ក្រុម​អង់គ្លេស ហ្វឹកហាត់​បច្ចេក​ទេស​ប៉េ​ណាល់​ទី មុន​ World Cup ចាប់ផ្ដើម

Soccer Football - FIFA World Cup - England Training - St. George's Park, Burton Upon Trent, Britain - May 28, 2018 England's Jordan Pickford during training Action Images via Reuters/Carl Recine


ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អង់គ្លេស កំពុង​តែ​ត្រៀម​លក្ខណៈ​សម្រាប់​​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ខែ​ក្រោយ​នេះ ខណៈ​ដែលពួក​គេ​សម្លឹង​រក​ការ​គេច​ឱ្យ​ផុត​ពី​ជោគ​វា​ស​នា​ដូច​គ្នាមួយ​នៃ​ការ​ធ្លាក់​ចេញពី​យុទ្ធ​នា​ការ​ដ៏​ធំមួយនេះ ដោយ​សារ​តែ​​បាល់​ប៉េ​ណាល់​ទី​កាត់សេចក្តី​។ នេះបើយោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាំ​ទី​ Jordan Pickford​។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មាន​កំណត់ត្រា​ដ៏​គួរឱ្យ​សោក​សៅ​ក្នុង​ស្ថាន​ភាពកាត់សេចក្តី ក្រោយពី​បាន​​រង​បរា​ជ័យ​ 6​លើក​ក្នុង​ចំណោម​ការ​ស៊ុត​បាល់​​ប៉េ​​ណាល់​ទី​ 7​លើក ក្នុង​ព្រឹត្តិការណ៍​​ធំ​ៗ​​។ ការ​ទទួល​ជ័​យ​ជម្នះ​តែ​ 1លើក​គត់​របស់​ពួក​គេនោះ​បាន​កើត​ឡើង​នៅពេលប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃ​យុទ្ធ​នាការ Euro ឆ្នាំ​1996​។ Pickford បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​របស់​អង់គ្លេស​ថា៖ «ក្នុង​ពេល​ហ្វឹកហាត់ យើង​កំពុង​តែ​​ធ្វើ​ការ​ងារ​ជាច្រើន​ទាក់​ទង​នឹង​ការ​ត្រៀម​លក្ខណៈ​ផ្សេង​ៗ​សម្រាប់​​របៀប​ដែល​យើង​ចង់​​បាន​​»​។ អ្នក​ចាំ​ទី​អន្តរ​ជាតិអង់គ្លេស​វ័យ​ 24​ឆ្នាំ​រូបនេះ ដែល​បាន​បង្ហាញខ្លួន​​ជា​អន្តរ​ជាតិ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ចំនួន​ 2លើកនោះ បាន​បន្ថែម​ទៀត​ថា៖ «មាន​អ្នក​ស៊ុត​បាល់​ប៉េណាល់​ទីខ្លាំង​ៗ​ជាច្រើន ហើយ​យើង​បាន​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ចុងក្រោយ​នេះ​។ វា​ពិត​ជា​លំ​បាក​ណាស់​ក្នុង​ការ​សង្គ្រោះ​ពួក​គេ​»​។

Pickford គឺ​ជា​អ្នក​​ចាំ​ទីម្នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ 3​នាក់​ក្នុងក្រុម​របស់​លោក Gareth Southgate ខណៈ​ដែលអ្នក​ចាត់​ការ​ទូទៅ​​រូបនេះ បាន​លុប​ចោល​អ្នក​ចាំ​ទី​ពោរ​ពេញ​ដោយ​បទពិសោធ ប៉ុន្តែធ្លាក់​ចុះទម្រង់​លេង Joe Hart សម្រាប់​យុទ្ធ​នា​ការ​ចាប់​ពី​ថ្ងៃ​ទី​14 ខែមិថុនា ដល់​ថ្ងៃ​ទី​15 ខែកក្កដា ក្នុង​ប្រទេស​រុស្ស៊ី​៕

ប្រភព​ពី៖ Channel News Asia

Advertisement