អ្នកចាំទី​ជើងចាស់ Buffon ប្រកាស​បញ្ចប់​អាជីព 17ឆ្នាំ​ជាមួយ Juventus

អ្នកចាំទី Gianluigi Buffon របស់​ក្រុម Juventus បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​ដ៏​ធំ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Turin មួយ​នេះ ក្រោយពី​ប្រឡូក​អស់​រយៈពេល 17ឆ្នាំ​រួចមក ប៉ុន្តែ​មិនបាន​ប្រកាស​ពី​ការបញ្ចប់​អាជីព​របស់គេ​នៅឡើយ​ទេ។

Buffon វ័យ 40ឆ្នាំ បាន​ធ្វើជា​ប្រធាន​ក្រុម​ក្នុងពេល​ពួកគេ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Serie A ជា​លើក​ទី7 ជាប់ៗគ្នា និង​ពាន Italian Cup ជា​លើក​ទី4 ជាប់ៗគ្នា​ក្នុង​រដូវ​កាល​នេះ។ អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នា​កីឡដ្ឋាន Allianz ថា៖ «ក្នុងការ​បញ្ចប់​ដំណើរ​ផ្សងព្រេង​នេះ​ជាមួយនឹង​ការ​ឈ្នះ​ពាន​ថ្មី2 ពិតជា​សំខាន់​ណាស់។

ក្នុងនាម​ជា​កីឡាករ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ច្រើនជាងគេ​បំផុត​របស់​អ៊ីតាលី ពោលគឺ​ចំនួន 176លើក  Buffon ក៏បាន​ប្រកាស​ផងដែរ​ថា លោក​នឹងមិន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ម្តងទៀត​ឡើយ ដោយ​ច្រានចោល​ដំណឹង​ដែលថា រូបគេ​អាច​នឹង​ចូល​លេង​នៅក្នុង​ការប្រកួត​ជា​អន្តរជាតិ​លើកចុងក្រោយ​របស់គេ​នា​ថ្ងៃទី4 ខែមិថុនា ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់។

អតីត​អ្នកចាំទី​របស់​ក្លិប Parma រូបនេះ​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A ជា​លើក​ទី640 របស់គេ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Verona នៅ​ថ្ងៃ​សៅរ៍​នេះ៕

ប្រភពពី៖ Channel News Asia

Advertisement