ង៉ែត រដ្ឋា សង្ឃឹមឈ្នះថៃ ដើម្បីរក្សាស្ថិតិឈ្នះ ៦៣ដង

កីឡាករ ង៉ែត រដ្ឋា របស់ក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផ្លាយ ណយ (Phlay Noy) ខណៈដែលអ្នកប្រដាល់កម្ពុជា សង្ឃឹមឈ្នះម្ដងទៀតដើម្បីរក្សាតំណែង ដែលក្នុងនោះ ស្ថិតិប្រកួតជាង ៧៣ដង ឈ្នះ៦២ដង ចាញ់៨ដង និង ស្មើពិន្ទុ៣ដង។

នេះជាជំនួបប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី២០ឧសភាខាងមុខ។ ចំណែកឯគូប្រកួតរបស់ ង៉ែត រដ្ឋា វិញ គឺជាអ្នកប្រដាល់ថៃដែលមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។

ផ្លាយ ណយ ជាអ្នកប្រដាល់ថៃដែលមានចិត្តត្រជាក់ណាស់ តែគេប្រើជើងទាត់បានល្អ គេមិនសូវជាពូកែលេងកែងប៉ុន្មានទេ តែបើកណ្ដាប់ដៃ និងជង្គង់វិញ អ្នកប្រដាល់ថៃរូបនេះវ៉ៃចេញធ្ងន់ៗល្អណាស់ តែសម្រាប់រដ្ឋាវិញ កែងរបស់គេក៏មិនសូវជាច្បាស់ប៉ុន្មានឡើយ តែគេនៅតែចូលចិត្តប្រើកែង កណ្ដាប់ដៃ និង ជង្គង់ដែលវ៉ៃបានត្រឹមតែល្អមើលប៉ុណ្ណោះ តែអ្នកប្រដាល់រូបនេះទាត់បានល្អ ហើយខ្លាំងល្អណាស់ មានអ្នកប្រដាល់មិនតិចទេដែលត្រូវរដ្ឋាទាត់ឲ្យបាក់ដៃ ប្រកួតលែងកើតអស់មួយជីវិតក៏មាន។ រវាងង៉ែត រដ្ឋា និង ផ្លាយ ណយ តើនរណាឈ្នះ និងនរណាចាញ់ គេលំបាកនឹងប៉ាន់ស្មានជាមុនណាស់ តែអ្នកប្រដាល់ទាំងពីររូបនេះ គេជឿថានឹងប្រកួតគ្នាដល់ចប់ទឹកទី ៥ មិនខាន ។

ការប្រកួតគ្នាក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នេះដែរ អ្នកប្រដាល់កម្ពុជារឿង សារ័ត្ន មកពីក្លិបទ័ពឆត្រយោង៩១១នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឡាក់ ឡាយ (Lack Lay)។ សារ័ត្នដែលមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៦ដង និងចាញ់១០ដងនោះ មួយប្រកួតដំបូងរបស់គេបានទទួលជ័យជម្នះ តែចំពោះឡាក់ ឡាយវិញ មួយប្រកួតដំបូងរបស់គេជួបនឹងបរាជ័យ។ សូមជម្រាបថា អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥០ដង ចាញ់១៤ដង និង ស្មើពិន្ទុ ២ ដង ។

សម្រាប់ការប្រកួតលើកនេះម្នាក់ៗសុទ្ធតែត្រូវការឈ្នះដើម្បីប្រជែងគ្នាសន្សំពិន្ទុក្នុងការរកកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ សារ័ត្ន បើមួយប្រកួតនេះគេបានទទួលជ័យជម្នះនោះ គេមិនសូវជាបារម្ភប៉ុន្មានទេ តែបើចាញ់វិញ អ្វីៗអាចស្ថិតក្នុងភាពស្រពេចស្រពិល…។ ចំពោះឡាក់ ឡាយដែលការប្រកួតដំបូងជួបបរាជ័យវិញនោះ បើការប្រកួតលើកនេះចាញ់ទៀត ឱកាសសម្រាប់ដណ្ដើមកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ទំនងជាលំបាកដែរ។ តើរឿង សារ័ត្ន នឹងជួបសំណាងល្អ ឬឡាក់ ឡាយជាអ្នកជួបសំណាងល្អ?។តែយើងសង្ឃឹមថា សារ័ត្ននឹងមិនធ្វើឲ្យអ្នកគាំទ្ររបស់គេអស់សង្ឃឹមឡើយ៕

Advertisement