លោក Allardyce ត្រូវ​បាន​បណ្តេញ​ចេញពីតួនាទី​​អ្នក​ចាត់​ការ​ទូទៅ​របស់ Everton

លោក Sam Allardyce កាល​ពីថ្ងៃ​ពុធ ត្រូវ​បាន​បណ្តេញ​ចេញ​ពីតួនាទី​អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម Everton ​ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្រោយពី​កាន់​តំណែងនេះ​បាន​រយៈពេល​ 6ខែ បើ​ទោះ​បី​បាន​ដឹកនាំ​ឱ្យ​​ពួក​គេ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​8 នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League ​ក៏ដោយ​។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​ក្លិប​​ទូក​ក្តោង​មួយនេះ​។

គ្រូ​បង្វឹក​វ័យ​ 63​ឆ្នាំ​រូបនេះ បាន​ស្ថិតក្រោម​ការ​រិះ​គន់ពី​សំណាក់​​អ្នក​គាំទ្រ ជុំ​​វិញ​​ការ​​រៀប​ចំទម្រង់​លេង​​របស់​លោក ហើយ​​​ខ្សែ​ប្រយុទ្ធ Wayne Rooney អតីត​​តា​រាឆ្នើម​អន្តរ​ជាតិ​អង់​គ្លេស និង​​ក្លិប Manchester United ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹងចាក​ចេញ ប្រសិន​បើ​លោក Allardyce បន្ត​​ដឹក​នាំ​។ លោក Denise Barrett-Baxendale ដែល​ជា​ប្រធានក្លិប បាន​ឱ្យដឹង​ថា៖ «យើង​បាន​​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ ក្នុងនាម​ជា​ផ្នែក​​មួយ​នៃ​ផែន​ការ​រយៈពេល​វែង​របស់​យើង​។ យើង​នឹង​តែង​តាំង​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​នៅ​រដូវក្តៅនេះ​»​​។

ប្រធាន​ក្លិប​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុងនាម​ជា​អ្នក​តំណាង​ឱ្យ​ប្រធាន​ក្លិប ​ក្រុម​ប្រឹក្សា​នាយក និងលោក Moshiri ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក Sam សម្រាប់​ការ​ងារ​ដែល​លោក​បាន​ធ្វើ​ក្នុង​ក្លិប Everton ក្នុង​រយៈពេល​ 7​ខែ​ចុងក្រោយ​នេះ​។ លោក Sam ត្រូវ​បាន​នាំ​យក​មក​ក្នុង​ដំណាក់​កាល​ដ៏​​តាន​តឹង​មួយកាលពី​រដូវកាលមុន ដើម្បី​ផ្តល់​ឱ្យ​យើង​នូ​វស្ថិរ​ភាព ហើយ​យើង​ពិត​ជា​ដឹង​គុណ​លោក​សម្រាប់​ការ​​ធ្វើ​បាន​ល្អ​បែប​​នេះ​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement