ក្រុមខ្លាំងភ្នំពេញក្រោន ប៉ះ ណាហ្គា ក្នុងជំនួបមិត្តភាព ត្រៀមក្នុងការប្រកួតលីកសប្ដាហ៍ក្រោយ

បើតាមទំព័រ Facebook របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីព្រឹកម្សិលមិញនេះ ក្រុមណាហ្គាវើលត្រូវជួបប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយនឹងក្លឹបភ្នំពេញក្រោន នៅថ្ងៃទី ២០ ខែឧសភា នៅកីឡដ្ឋាន RSN ខណៈដែលអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ពុំមានការលក់សំបុត្រឡើយ ។

ការណាត់គ្នាប្រកួតជាលក្ខណៈមិត្តភាពរវាងក្រុមលំដាប់កំពូលតារាងទាំងពីរនេះ គឺស្របពេលដែលលីកកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០១៧ផ្អាកការប្រកួតមួយសប្ដាហ៍ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងជើងទី១ កាលពីចុងសប្ដាហ៍មុនរួចមក ។

យ៉ាងណាមិញនៅជំនួបក្នុងជើងទី១ រវាងក្រុមខ្លាំងទាំងពីរ គឺភ្នំពេញក្រោន បានយកឈ្នះណាហ្គាវើលក្រៅទឹកដី ១-០ កាលពីខែកុម្ភៈកន្លងទៅ ។ គួរបញ្ជាក់ថា ជាបណ្ដោះអាសន្ននៅពេលនេះ ក្រុមណាហ្គាវើល កំពុងឈរលើលេខរៀងទី៣ ក្នុងតារាងពិន្ទុលីកកំពូលកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ ចំនួន ១១ប្រកួតដោយឈ្នះ៦ ស្មើ៣ និងចាញ់២ និងមាន ២១ពិន្ទុរួចមក ។

រីឯអតីតក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន កំពុងឈរលើលេខរៀងទី៥ និងមាន១៨ពិន្ទុ ជាមួយលទ្ធផល ១១ប្រកួតដូចគ្នា តែឈ្នះ៥ ស្មើ៣ និងចាញ់៣ ៕

Advertisement