Ronaldo លេច​ធ្លោ​​នៅក្នុង​ជ័យជម្នះ​របស់​ក្លឹប Al Nassr កាលពី​ព្រលប់​ម្សិលមិញ

(អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត)- កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ Cristiano Ronaldo បង្ក​ឱកាស​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ ជួយ​ឱ្យ​ក្លឹប Al Nassr ឈ្នះ Al Taawoun 2-1 នៅ​វគ្គ 17 នៃ​ពានរង្វាន់ Saudi League កាលពី​ព្រលប់​ថ្ងៃទី 17 កុម្ភៈ។

ថ្វីបើ​មិនបាន​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ Ronaldo នៅតែ​បានរួម​ចំណែក​ធំ​នៅក្នុង​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ Al Nassr ដោយ​ការបញ្ជូន​បាល់​ពីរ​គ្រាប់​ជួយ​ឱ្យ Abdulrahman Ghareeb និង Abdullah Madu ស៊ុត​បញ្ចូល​ទី​បានសម្រេច។ នេះ​គឺជា​ការ​បង្ក​ឱកាសដំបូងៗដែល CR7 បានធ្វើ​ឡើង​នៅ Saudi League ហើយ​ជួយ​ឱ្យ Al Nassr ដណ្ដើមបាន​តំណែង​កំពូល​តារាង​ពី Al Ittihad មកវិញ។

Ronaldo មានឱកាស​ពីរលើក​ដើម្បី​ស៊ុត​ផ្ដាច់ ប៉ុន្តែ​គាត់​ធ្វើ​មិនអាច​ធ្វើបាន។ យ៉ាង​ណា​ក៏​ដោយ​ Al Nassr នៅតែ​ជា​ក្រុម​ដែល​រកបាន​គ្រាប់​បាល់​មុនគេ​ គឺ​នៅ​នាទី​ទី 17។ ក្រោយពី​ទទួលបាន​បាល់​នៅ​កណ្ដាល​ទីលាន Ronaldo ក៏​បញ្ជូន​រហ័ស​ឱ្យ Ghareeb ឆ្ពោះទៅកាន់​តំបន់​គ្រោះថ្នាក់ ប្រឈមមុខ​នឹង​អ្នកចាំទី។ ខ្សែបម្រើ Ghareeb ក៏​ស៊ុត​កោង​​ខ្ពស់ ផ្ដួល​អ្នកចាំទី​បានសម្រេច ជួយ​ឱ្យ Ronaldo មាន​គ្រាប់​បាល់​បង្ក​ឱកាស​បាន​ជោគ​ជ័យ​លើកដំបូង​នៅពាន​រង្វាន់ Saudi League។

ក្រុម​ម្ចាស់ផ្ទះ Al Nassr ត្រូវបាន Al Taawoun រកបាន​គ្រាប់​បាល់​ស្មើ 1-1 នៅ​នាទី​ទី 47 ប៉ុន្តែ​ត្រូវបាន Al Nassr ​បន្ត​រកបាន​ 1 ​គ្រាប់​ទៀត​នៅ​នាទី​ទី 78។ ខ្សែបម្រើ Luiz Gustavo Al Nassr ស៊ុត​ពី​ជាយ​តំបន់​គ្រោះថ្នាក់ ត្រូវចំ​ទីតាំង​របស់ Ronaldo ភ្លាមនោះ CR7 ក៏​ទប់ រួច​បាល់​ក៏​ស្ថិតនៅ​ក្បែរ​ជើង ល្មម​ឱ្យ Madu ស៊ុត​ប៉ើង​សំណាញ់​​ទី​ ​របស់ Al Taawoun។ ដំបូង អាជ្ញាកណ្ដាល​មិន​ទទួលស្គាល់​គ្រាប់​បាល់​នេះ ប៉ុន្តែ​ក្រោយពី​បាន​មើល​សកម្មភាព​ឡើងវិញ គាត់​ក៏​ប្ដូរ​ការសម្រេចចិត្ត។

​ក្លឹប Al Nassr ឈ្នះ Al Taawoun 2-1 នៅ​វគ្គ 17 នៃ​ពានរង្វាន់ Saudi League កាលពី​ព្រលប់​ថ្ងៃទី 17 កុម្ភៈ

ចប់​ការប្រកួត ក្រុម Al Taawoun ដែល​កំពុង​ឈរ​លំដាប់​ទី​ប្រាំ​នៅ Saudi League ត្រូវ​ចាកចេញ​ដោយ​ដៃទទេ ខណៈ Al Nassr ត្រលប់​ទៅកាន់​តំណែង​កំពូល​តារាង។

នៅក្នុង​ការរកបាន 7 គ្រាប់​នាពេលថ្មីៗនេះ​របស់​ក្លឹប Al Nassr គឺ​សុទ្ធ​តែមាន​ស្នាម​ស្បែកជើង​របស់ Ronaldo ដោយ​គាត់​រកបាន 5 គ្រាប់ និង​បង្ក​ឱកាស​បាន 2 គ្រាប់។

នៅ​វគ្គ​បន្ទាប់ ក្រុម​របស់ Ronaldo នឹង​ធ្វើជា​ភ្ញៀវ​នៅលើ​ទីលាន​របស់ Damac ដែល​កំពុង​ឈរលើ​លំដាប់​ទី 7 នៅ​ថ្ងៃទី 25 កុម្ភៈ​ខាងមុខ ហើយ​ក្រោយមក​នឹង​ត្រលប់មក​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ត្រូវ​​ប៉ះ​នឹង​ក្រុម​បាត​តារាង Al Batin៕

Advertisement