Man City បំ​បែកកំណត់​ត្រា​ក្នុង Premier League ក្រោយ​​ផ្តួល Brighton

ការ​ប្រកួត​លើក​ទី​316 ​របស់​ខ្សែ​បម្រើ​ជើង​ចាស់ Yaya Toure និង​ការ​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​ជាលើក​ចុងក្រោយ​សម្រាប់​ក្រុម Manchester City បាន​បញ្ចប់ដោយ​ក្រុម​របស់​លោក Pep Guardiola បាន​បំ​បែកកំណត់ត្រា​នៃ​​ការរក​បាន​ 97​ពិន្ទុ គ្រាប់​បាល់​ 105​គ្រាប់ និង​ជ័យ​ជម្នះ​ 31​លើក​ក្នុង​សម័យ​កាល​នៃក្រប​ខ័ណ្ឌ Premier League​​។

ក្រោយ​ពី​ការ​​ប្រកួត​នេះ Koloដែល​ជា​បង​ប្រុស​របស់​ខ្សែ​បម្រើ​​កូត​ឌី​វ័រ​ និង​ជា​អតីត​កីឡាករ​របស់​ក្រុម Man City រូបនេះបាន​​យក​សំបុត្រ​ចូល​ទស្ស​នា​ការ​ប្រកួត​របស់ Man City ពេញ​មួយ​ជីវិត​សម្រាប់ Yaya ក៏ដូច​ជា​​អាវ​ដែល​​វាយ​លេខ​ «316» កាល​ពី​ថ្ងៃ​អង្គារ​។ Toureបាន​និយាយ​ថា៖ «វា​គឺ​ជា​រឿង​ដ៏ល្អ​ក្នុង​ការ​នាំ​យក​ស្នាម​ញញឹម​ដល់​អ្នក​គាំទ្រ​​។ ពួក​គាត់​​ពិត​ជា​ផ្តល់​ជំនួយ​ដ៏​ធំ ហើយ​ក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ចង់​ថ្លែង​អំណរ​គុណ​ដល់​ពួកគាត់»​​។ កាលពី​ខែ​មុន ក្រុម​របស់​លោក Guardiola បាន​បំពេញ​ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ 5​លើក​ទៀត ហើយ​បច្ចុប្បន្នកំពុង​តែ​នាំ​មុខ​​ដល់​ទៅ​ 20ពិន្ទុ​ដាច់​លើ​ក្រុម​​លេខ​2 Manchester United​។ Man City អាច​នឹងក្លាយ​ជា​​ក្រុម​ដំបូង​គេ​ក្នុង​ការ​រក​បាន​ 100​ពិន្ទុ​ក្នុង​មួយរដូវ​កាល​​នៃក្រប​ខ័ណ្ឌ​​កំពូល​របស់អង់​គ្លេស ប្រសិន​បើ​ពួក​គេ​​ផ្តួលក្រុម Southampton នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាលនេះ នៅ​ថ្ងៃ​អាទិត្យ​។

ខ្សែ​បម្រើ​ជើង​ចាស់ Toure បាន​ទទួល​តួនាទី​ជា​ប្រធានក្រុម​សម្រាប់​ការ​ប្រកួត​លើ​ទឹក​​ដីខ្លួន​ឯង​ជា​លើក​ចុង​ក្រោយ​របស់​គេ ហើយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីសំណាក់ Danilo, Bernardo Silva និងFernandinho បាន​​ជួយ​ឱ្យរូប​គេ​បញ្ចប់តួនាទី​ជាមួយ​នឹង​ជ័យជម្នះ​។ ខ្សែ​ប្រយុទ្ធ Leonardo Ulloa បាន​រកគ្រាប់​បាល់​ 1​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ​៕

ប្រភព​ពី៖ The Guardian

Advertisement