ក្លិប Pahang អនុញ្ញាតឱ្យ​ចាន់ វឌ្ឍនាកា ចាកចេញ និង​យក Nakajima ជំនួស​វិញ

ខ្សែប្រយុទ្ធ​អន្តរជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​កាលពី​ថ្ងៃ​អង្គារ ដោយ​ក្លិប Pahang FA ក្រោយពី​ការបង្ហាញ​ទម្រង់​លេង​មិន​បានល្អ​ក្នុង​រយៈពេល​ដ៏​ខ្លី​របស់គេ​ជាមួយនឹង​ក្លិប​របស់​ក្របខ័ណ្ឌ​ម៉ាឡេស៊ី Super League មួយ​នេះ ក្រោយពី​បាន​ចូលក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង កាលពីដើម​ឆ្នាំនេះ។

ក្លិប Pahang FAបាន​នាំយក​ខ្សែប្រយុទ្ធ​កាណាដា Issey Nakajima-Farran មក​ជំនួស​វិញភ្លាមៗ ដើម្បី​ពង្រឹង​ក្រុម​នេះ និង​ដើម្បី​ប្រជែង​យកពាន​ក្របខ័ណ្ឌ​ម៉ាឡេស៊ី Super League។ ជាមួយគ្នានេះ ពួកគេ​ក៏បាន​នាំយក​ខ្សែប្រយុទ្ធ Austin Amutu ដើម្បី​ជំនួស​កន្លែង​របស់ Francis Forkey Doe ដែលមាន​បញ្ហា​របួស​ជ​ង្គ​ង់​រយៈពេល​វែង​ផងដែរ កាលពី​ខែមីនា។ លោក DollahSalleh គ្រូបង្វឹក​របស់​ក្រុម Pahang បានឱ្យដឹងថា៖ «យើង​សង្ឃឹមថា វត្តមាន​កីឡាករ​ទាំង 2នេះ នឹង​បង្កើន​គុណភាព​ក្នុង​ក្រុម​របស់​យើង។

Amutu អាច​នឹងមាន​បញ្ហា​មួយចំនួន​ក្នុងការ​សម្រប​ខ្លួន​ក្នុង​ក្រុម​នេះ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា បទពិសោធ​របស់​ពួកគេ​នឹង​ជួយ​ដល់​យើង»។ ការចាកចេញ​របស់​វ​ឌ្ឍ​នា​កា ត្រូវបាន​រំពឹងទុក​ជាមុន​ទៅហើយ ក្រោយពី​ខ្សែបម្រើ​ស្លាប​រូបនេះ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យ​ទាក់ទាញ​តិចតួច​បំផុត​ក្នុងការ​ចំណាយពេល​ដ៏​ខ្លី​របស់គេ​ជាមួយនឹង Pahang។ លោក Dollah បាន​ប្រាប់​បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោក​ចង់ឱ្យមាន​ការបង្ហាញ​ពី​ទម្រង់​លេង​កាន់តែ​ល្អប្រសើរ​ជាង​មុន​ពី វឌ្ឍនាកា ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម Kuala Lumpur FAកាលពី​ថ្ងៃទី15 ខែមេសា៕

ប្រភពពី៖ FOX Sports Asia

Advertisement