Giggs ជឿជាក់ថា លោក Ferguson នឹង​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​​រហ័ស

កីឡាករ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​បំផុត​​ Ryan Giggs របស់​ក្លិប Manchester United បាន​ដឹកនាំ​ឱ្យ​​មាន​ការធ្វើ​សារ​ជូន​ពរ​ជាច្រើន​មួយ​ផ្សេង​ទៀត ពី​ពិភព​កីឡា​បាល់​ទាត់​សម្រាប់​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​​ពួកគេ​ គឺ​លោក Alex Ferguson ក្រោយពី​បុរស​សញ្ជាតិ​ស្កុត​លែន​ម្នាក់នេះ​ទទួល​ការ​វះ​កាត់​ខួរក្បាល​។

ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ចាត់​ការ​ទូ​ទៅ​ដ៏មាន​ភាព​ជោគ​ជ័យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កីឡា​បាល់​ទាត់​ចក្រ​ភព​អង់គ្លេស លោក Ferguson វ័យ​ 76​ឆ្នាំ បាន​​ឈ្នះ​ពាន​សរុប​ 38ពាន ក្នុង​រយៈពេល​ 26​ឆ្នាំ​ ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប Man United ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ចំនួន​ 13​លើក និង​ពាន Champions League 2លើក​ផងដែរ មុន​ពេល​ចូល​និវត្តន៍​ក្នុងឆ្នាំ​2013​។ Man United មិន​បាន​ផ្តល់​ព័ត៌​មាន​ថ្មី​ៗទាក់​ទង​នឹង​ស្ថាន​ភាព​របស់​លោក Ferguson ទៀតឡើយ បន្ទាប់ពី​បាន​បញ្ជាក់​ថា ដំណើរ​ការ​នៃ​ការ​វះកាត់​សាច់​ដុះ​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ដំណើរ​ការ​យ៉ាងល្អ ប៉ុន្តែចាំ​បាច់​ត្រូវ​តែ​មាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អំឡុង​ពេល​លោក​សម្រាក​ព្យា​បាលក្រោយវះ​កាត់​។

លោក Giggs ដែល​បច្ចុប្បន្នជា​គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វេលស៍ គឺ​ជា​សមាជិក​របស់​ក្រុម​របស់​លោក Ferguson ដែល​បាន​ឈ្នះ​ពាន​ 13លើកក្នុង​ការលេងអាជីព​​រយៈ​ពេល​ 24​ឆ្នាំ​របស់​គាត់​ នា​កីឡដ្ឋាន Old Trafford​។ Giggs បាន​ប្រាប់​ទូរ​ទស្សន៍ BBC ថា៖ «បច្ចុប្បន្ន គឺ​ជា​ពេលវេលា​នៃ​ការ​ជូន​ពរ និង​សង្ឃឹម​ថាគាត់​អាច​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​រហ័ស​។ គាត់​មាន​ឥទ្ធិ​ពល​ដ៏ធំ​បំផុត​​ក្នុង​អាជីព​របស់​ខ្ញុំ ទាំង​នៅ​លើ​ទីលាន និងក្រៅ​​ទីលាន​»​៕

ប្រភពពី៖ Channel News Asia

Advertisement