Atletico ធ្វើឱ្យ​លោក Wenger ខកចិត្ត​ធំ ដើម្បី​ទៅ​ជួប Marseille ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Europa League

ក្រុម Marseille បាន​កក់​កៅអី​របស់​ពួកគេ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទៅ​ជួបនឹង​ក្រុម Atletico Madrid ក្រោយពី​ខ្សែការពារ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Rolando បា​នរក​គ្រាប់​បាល់​នៅ​នាទី​បន្ថែម 15នាទី 2ដង ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ទាំង 2ជើង 3-2 លើ​ក្រុម Salzburg កាលពី​ថ្ងៃ​ព្រហស្បតិ៍។

Salzburg បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យ​កោតសរសើរ​ក្នុង​តង់​ទី2 ដើម្បី​លុបចោល​ការដេញ​តាម​ពីក្រោយ 2-០ ពី​ការប្រកួត​ជើង​ទី1 ប៉ុន្តែ​ក្រុម Marseille បាន​ក្លាយជា​ក្រុម​បារាំង​ដំបូង​គេ ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ​អឺរ៉ុប ចាប់តាំងពី​ឆ្នាំ2004 បើទោះបី​ចាញ់​ក្នុង​លទ្ធផល 2-1 នៅ​រាត្រី​នោះ​ក៏ដោយ។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Diego Costa បាន​កម្ទេច​ក្តីសង្ឃឹម​ចុងក្រោយ​របស់​លោក Arsene Wenger នៃ​ការបញ្ចប់​ការដឹកនាំ​ក្លិប Arsenal ទាំង​ភាពជោគជ័យ ខណៈដែល​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​បាន​ជួយ​ឱ្យ​ក្រុម Atletico Madrid ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប​ជា​លើក​ទី250 របស់លោក Wenger ជាមួយនឹង​ក្រុម Arsenal ក៏​ជាការ​ប្រកួត​ជា​លើកចុងក្រោយ​ផងដែរ ដែល​ត្រូវបាន​កាត់សេចក្តី​ដោយ​គ្រាប់​បាល់​ដ៏​ល្អ​របស់ Costa។

តំបន់​ការពារ​របស់​ក្រុម Arsenal បានបង្ហាញ​ពី​ភាពទន់ខ្សោយ និង​មាន​អារម្មណ៍​ភិតភ័យ ជាពិសេស​ស្ថិតក្នុង​ភាព​ស្លន់ស្លោ​យ៉ាង​ឆាប់រហ័ស ហើយ​ការរង​បរាជ័យ​ក្នុង​លទ្ធផល 1-០ និង 2-1 ពី​ការប្រកួត​ទាំង 2ជើង មានន័យថា រដូវ​កាល​ចុងក្រោយ​របស់លោក Wenger ក្នុងនាម​ជា​គ្រូបង្វឹក​នឹង​បញ្ចប់​ដោយ​ក្រុម​របស់លោក​អវត្តមាន​ពី​ក្របខ័ណ្ឌ Champions League ក្នុង​រយៈពេល 2ឆ្នាំជាប់ៗគ្នា៕

ប្រភពពី៖ The Straits Times

Advertisement