Marseilleខិត​កាន់តែ​កៀក​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ផ្តួល Salzburg

ខ្សែបម្រើ​ស្លាប Florian Thauvin និង​កីឡាករ​បម្រុង Clinton Njie សុទ្ធសឹង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា ដើម្បី​ជួយ​ឱ្យ​ក្រុម Marseille ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម Salzburg ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏ដូចជា​ជួយ​រក្សា​ក្តី​សុបិន​របស់​ក្លិប​បារាំង​មួយ​នេះ ក្នុង​ការវិល​ទៅកាន់​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ដែរ។

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Dimitri Payet បាន​ជួយ​បង្កើតឱ្យមាន​គ្រាប់​បាល់​ទាំង 2គ្រាប់​សម្រាប់​ក្រុម Marseille នា​កីឡដ្ឋាន Velodrome ខណៈដែល​អ្នកគាំទ្រ​ច្រើនជាង 62,000នាក់​បាន​ទស្សនា​តារា​ឆ្នើម Thauvin រកបាន​គ្រាប់​បាល់​បើកឆាក ដែលជា​គ្រាប់​បាល់​ប៉ះ​នឹង​ដៃ​របស់ខ្លួន។

បន្ទាប់មក ខ្សែប្រយុទ្ធ​អន្តរជាតិ​កា​មេ​រូ​ន Clinton Njie បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​នាំមុខ 2-០ ក្នុង​រយៈពេល​តិចជាង 3នាទី ក្រោយពី​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី2 ដើម្បី​ជួយ​ឱ្យ​ក្រុម Marseille ស្ថិតក្នុង​ទីតាំង​ដ៏​រឹងមាំ នៅ​មុនពេល​ការប្រកួត​ជើង​ទី២ នៅ​សប្តាហ៍​ក្រោយ ក្នុងប្រទេស​អូទ្រីស។

លោក Rudi Garcia គ្រូបង្វឹក​របស់​ក្រុម Marseille បានឱ្យដឹងថា៖ «វា​ជា​លទ្ធផល​ដ៏​ល្អ​មួយ។ យើង​ចង់​ឈ្នះ ហើយ​វា​បានសម្រេច​ដូច​បំណង​អ៊ីចឹង​មែន។ ការមិន​បណ្តោយ​ឱ្យមាន​ការ​របូត​គ្រាប់​បាល់​ក្រៅ​ទឹកដី គឺជា​លទ្ធផល​ដ៏​ល្អ​មួយ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​ដឹងថា យើង​មិនទាន់​ឈានទៅ​វគ្គ​បន្ត​នៅឡើយ​ទេ។ យើង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​ដើម្បី​រក​គ្រាប់​បាល់​យ៉ាងហោចណាស់ 1គ្រាប់ និង​ឈ្នះ​ការប្រកួត​នេះ។ យើង​ត្រូវតែ​បង្ហាញថា យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ»៕

ប្រភពពី៖ The Straits Times

Advertisement