Asensio ជួយ​ឱ្យ Real ខិត​កាន់តែ​កៀក​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ផ្តួល Bayern

Real Madrid បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ​ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម Bayern Munich ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 កាលពី​ថ្ងៃ​ពុធ តាមរយៈ​គ្រាប់​បាល់​ពី​សំណាក់​ខ្សែការពារ Marcelo និង​ខ្សែបម្រើ Marco Asensio នៅ​តង់នីមួយ។

Bayern បាន​បង្កើតឱ្យមាន​ឱកាសល្អៗជាច្រើន​ក្នុងការ​ប្រកួត​នេះ ប៉ុន្តែ អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​បានត្រឹមតែ 1គ្រាប់​គត់ ខណៈដែល​កីឡាករ Joshua Kimmich បា​នរក​គ្រាប់​បាល់​បើកឆាក​នា​កីឡដ្ឋាន Allianz Arena នៅ​នាទី​ទី28។

ប៉ុន្តែ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​នាពេល​បច្ចុប្បន្ន​មួយ​នេះ បានធ្វើឱ្យ​ពួកគេ​វិល​ទៅកាន់​ការប្រកួត​នេះ​វិញ នៅ​មុនពេល​បញ្ចប់​តង់​ទី1 តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី Marcelo មុនពេល Asensio ជួយ​ឱ្យ​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​នៅ​នាទី​ទី56 ក្រោយពី​ការប្រព្រឹត្ត​កំហុស​របស់​ក្រុម Bayern។ Real Madrid នឹង​នាំយក​គ្រាប់​បាល់​ក្រៅ​ទឹកដី 2គ្រាប់​ដ៏​សំខាន់​ទៅកាន់​ការប្រកួត​ជើង​ទី2 នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ ស្រប​ពេលដែល Bayern អាច​នឹង​មានការ​ស្តោក​ស្តាយ​ដោយសារតែ​ការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន។

ខ្សែប្រយុទ្ធ Thomas Mueller របស់​ក្រុម Bayern បានឱ្យដឹងថា៖ «នៅ​ពាក់កណ្តាល​តង់​ទី1 យើង​បាន​លេង​យ៉ាង​ល្អ ប៉ុន្តែ​យើង​ខ្វះ​ពី​ភាព​មុត​ស្រួច។ រាល់អ្វីៗទាំងអស់​នៅតែ​អាចទៅរួច ប៉ុន្តែ យើង​មិនបាន​ធ្វើឱ្យ​មានប្រៀប​នៅថ្ងៃនេះ​សោះ»។

ជាមួយគ្នានេះ ខ្សែការពារ Sergio Ramos ប្រធាន​ក្រុម Real បានឱ្យដឹងថា៖ «យើង​បានដឹង​ពី​អ្វីដែល​រំពឹងទុក យើង​ធ្វើបាន​យ៉ាង​ល្អ និង​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ។ វា​នៅសល់​ការប្រកួត​ជើង​ទី2 ទៀត ប៉ុន្តែ យើង​នឹង​ផ្តោតអារម្មណ៍ ហើយ​យើង​បានការ​ពារ​យ៉ាង​ល្អ ដែល​នោះ​គឺជា​រឿង​ដ៏​សំខាន់»៕

ប្រភពពី៖ Sky Sports

Advertisement