Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ថ្ងៃ​ទី​17 ខែ​ឧស​ភា និង​កំពុង​ផ្តោត​លើ World Cup

តារា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រូប​គេ​នឹងមិន​ចូល​លេង​វិញ​ឡើយ​រហូត​ដល់​ពាក់​កណ្តាល​ខែ​ឧស​ភា ដែលនៅ​ពេលនោះ​រូប​គេ​​​ត្រូវ​បាន​គ្រោង​ទទួល​ការ​​ពិនិត្យ​ជាលើក​ចុងក្រោយ​ បន្ទាប់​ពី​ការ​វះ​កាត់​​ប្រអប់​ជើងរួច​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​របស់​ក្លិប Paris Saint-Germain រូបនេះ​បាន​​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ក្នុង​​ទីក្រុង Sao Paulo ថា៖ «វា​មិន​ទាន់មាន​​កាល​បរិ​ច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ​។ ខ្ញុំ​ត្រូវ​ពិនិត្យ​ជាលើក​ចុង​ក្រោយ​ទៀត ប្រសិន​បើ​ខ្ញុំ​គិតមិនខុស​ទេ​នោះ​។ ខ្ញុំ​​មិន​​ប្រាកដ​ឡើយ តែ​ការ​ពិនិត្យនោះ​ គឺ​នៅ​ថ្ងៃ​ទី​17 ខែ​ឧស​ភា​»​។ Neymar បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹង​ត្រូវ​​ទទួល​ការ​ពិនិត្យ​យ៉ាង​ច្បាស់​លាស់​​ម្ដងទៀតមុន​នឹង​ចូល​លេង​។ បន្ទាប់​មក ខ្ញុំ​នឹង​រង់​ចាំ​មើលតទៅទៀត វា​អាស្រ័យ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្សេង​ៗ វា​អាស្រ័យ​ទៅ​លើការ​ពិនិត្យ​ជាលើក​ចុងក្រោយ​របស់​ខ្ញុំ​។ វា​មិន​ទាន់​សម្រេច​នៅ​​ឡើយ​ទេ​»​។

ពេល​វេលា​នេះ នឹង​ធ្វើ​ឱ្យ​កីឡាករ​បាល់​ទាត់​​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​​រូបនេះ ស្ថិតក្នុង​ការ​​ព្យា​យាម​​ដើម្បី​អាច​ចូល​លេង​ម្តង​ទៀត​សម្រាប់​ក្រុម PSG ខណៈដែល​ក្រុម​ទើប​តែ​ឈ្នះពាន​​របស់​បារាំង​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​នា​ថ្ងៃ​ទី​19 ខែ​ឧស​ភា ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Caen​។ ទោះ​បី​ជា​យ៉ាង​ណា ក្តី​រំពឹង​របស់​គេក្នុង​ការ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ប្រទេស​រុស្ស៊ី ដែល​នឹង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​14 ខែមិថុ​នា ដល់​ថ្ងៃ​ទី​15 ខែកក្កដា ហាក់​មាន​កម្រិត​ខ្ពស់​ជាង​។

ប្រេស៊ីលនឹង​បើក​យុទ្ធ​នាការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​17 ខែ​មិថុនា ដែលនៅ​ពេល​នោះ​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិស្វ៊ីស ក្នុង​ទីក្រុង Rostov​៕

ប្រភព​ពី៖ Channel News Asia

Advertisement