Bayern លត់ក្រុម Leverkusen ចាស់​ដៃ​ ដើម្បីឈាន​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup

ខ្សែ​ប្រយុទ្ធ Thomas Mueller បាន​បង្ហាញ​ថ្វី​ជើង ធ្វើឱ្យក្រុម Bayern Munich បាន​កត់​​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធផល 6-2 នៅ​លើ​ទឹកដីក្រុម Bayer Leverkusen កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup និង​ដើម្បី​​រក្សា​ក្តី​សង្ឃឹម​របស់​ពួក​គេក្នុងការ​ឈ្នះ​ពាន​3 ​ក្នុង​រដូវកាល​តែមួយ​។ ក្រុម Leverkusen កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅលើ​តារាង​​ក្រប​ខ័ណ្ឌ Bundesliga ប៉ុន្តែដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើង​ឯក Bayern ដល់​ទៅ​ 24​ពិន្ទុ ហើយ​គម្លាត​នៅ​លើ​តារាង​​ក្រប​ខ័ណ្ឌ​លីក​នេះ ក៏​បាន​បង្ហាញពី​​ភាព​ផ្សេង​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មួយ​នេះ​ផងដែរ​។

Mueller ដែល​បានក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ និង​បាន​ជួយ​ឱ្យJavi Martinez រក​បាន​​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​​ភ្ញៀវ ក្រោយពី​លេង​បាន​រយៈពេលត្រឹម​​តែ​​ 3​នាទី​ប៉ុណ្ណោះ។ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​បន្ថែម​​គ្រាប់​បាល់​ទី​2 ដែល​ជា​គ្រាប់​បាល់​ទី​36​ របស់​គេ​ក្នុង​ការប្រកួត​ 40​លើក​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​​ក្រុម Bayern បាន​នាំ​មុខ​ដល់​ទៅ 2-០ ក្រោយពី​លេង​បាន​​រយៈ​ពេលត្រឹម​តែ​ 9​នាទី​នា​កីឡដ្ឋាន BayArena ក្នុង​ទីក្រុង Leverkusen​​។ ខ្សែ​បម្រើ Lars Bender ដែល​​ជា​ប្រធាន​​ក្រុម​ Leverkusen បាន​​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​វាយ​បក​បាន​ 1​គ្រាប់​វិញ​នៅ​នាទីទី​16 ស្រប​ពេល​ដែល​​ខ្សែ​​ការ​ពារ Bayern បាន​ធ្វើ​ការ​តវ៉ា​ថា ជា​បាល់​ Offside​ តែទោះ​បី​ជា​យ៉ាង​ណា Bayern បាន​​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី​2 ដើម្បី​កត់​ត្រា​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​តែម្តង​។ បច្ចុប្បន្ន ក្រុម Bayern នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Schalke ឬEintracht Frankfurt ដែល​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​រាត្រីនេះ ខណៈ​ដែល​វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ត្រូវ​ប្រព្រឹត្ត​​ទៅ​នៅ​ទីក្រុងប៊ែរ​ឡាំង នា​ថ្ងៃ​ទី​19 ខែ​ឧស​ភា​៕

ប្រភពពី៖ Worldsoccertalk

Advertisement