Salah ជួយ​ឱ្យ​ក្រុម Liverpool ទម្លាក់ Man City ខណៈ​លោក Guardiola ត្រូវបាន​បណ្តេញចេញ

Mohamed Salah និង​Roberto Firmino សុទ្ធសឹង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ដូចគ្នា ខណៈដែល​ក្រុម Liverpool បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 1គ្រាប់ ដើម្បី​ផ្តួល​ក្រុម Manchester City ក្នុង​លទ្ធផល 2-1ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ កាលពី​អង្គារ។

ក្រុម Liverpool បាន​ឈានទៅ​កាន់ការ​ប្រកួត​នា​កីឡដ្ឋាន Etihad នេះ ទាំង​ការជឿជាក់ ក្រោយពី​ពួកគេ​បាន​នាំមុខ​ក្នុង​លទ្ធផល 3-0 ពី​ការប្រកួត​កាលពី​ជើង​ទី1 ប៉ុន្តែ ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើឱ្យ​ក្រុម​ភ្ញៀវ​ភិតភ័យភ្លាមៗ ក្រោយពី​រក​គ្រាប់​បាល់​បាន 1គ្រាប់ នៅ​នាទី​ទី2។

ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​មាន​អារម្មណ៍​ខឹងសម្បា​យ៉ាងខ្លាំង ក្រោយពី​គ្រាប់​បាល់​របស់​ខ្សែបម្រើ​ស្លាប​ដ៏​មាន​ឥទ្ធិពល Leroy Sane មិនត្រូវ​បាន​យក​ជា​ផ្លូវការ​ដោយ​ចាត់ទុកថា ជា​បាល់ Offside នៅ​មុនពេល​បញ្ចប់​តង់​ទី1 ខណៈដែល​ពួកគេ​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀតឡើយ។ លទ្ធផល​នេះ មានន័យថា ក្រុម​ហង្ស​ក្រហម Liverpool បានទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ក្នុង​លទ្ធផល​ទាំង2ជើង 5-1។

លោក Guardiola ត្រូវបាន​បង្ខំ​ឱ្យទៅ​អង្គុយ​ទស្សនា​ការប្រកួត​តង់​ទី2 ពី​កៅអី​របស់​អ្នកទស្សនា ក្រោយពី​ត្រូវបាន​បណ្តេញចេញ​សម្រាប់​ការតវ៉ា​របស់លោក​ក្នុងពេល​សម្រាក​តង់​ទី1 ខណៈដែល​ក្តី​សុបិន​របស់​ក្រុម Man City ក្នុងការ​ឈ្នះ​ពាន Champions League ជា​លើក​ទី1 ត្រូវបាន​កម្ទេច​ក្នុង​រដូវ​កាល​មួយ​ផ្សេងទៀត៕

 

ប្រភពពី៖ The Sun

Advertisement