Oscar រងពិន័យព្យួរ 8 ប្រកួតដោយសារបង្កជម្លោះក្នុងពេលប្រកួត

ខ្សែបម្រើអន្តរជាតិប្រេស៊ីល Oscar បានរងពិន័យព្យួរដល់ទៅ 8ប្រកួតកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបង្កឲ្យមានជម្លោះដ៏ធំមួយក្នុងការប្រកួតក្របខ័ណ្ឌ Super League របស់ចិន រវាងក្រុម Shanghai SIPG របស់គេ និងក្រុម Guangzhou R&F។

ក្រោយពីអតីតខ្សែបម្រើរបស់ក្លិប Chelsea រូបនេះហាក់ដូចជាមានចេតនាទាត់បាល់សំដៅទៅលើកីឡាកររបស់ Guangzhou ចំនួន2 លើកកាលពីថ្ងៃអាទិត្យ រូបគេត្រូវបានរុញឲ្យដួលដោយកីឡាករនៃក្រុមបដិបក្ខ។ Oscar បានដួលទៅលើទីលាន ហើយជម្លោះវាយតប់គ្នាមួយក៏ផ្ទុះឡើងតែម្តង។


សហព័ន្ធកីឡាបាល់ទាត់របស់ចិនបានប្រកាសដាក់ពិន័យព្យួរដ៏វែងមួយដល់កីឡាករ 4រូប ក្នុងនោះរាប់បញ្ចូលទាំង Oscar វ័យ 25ឆ្នាំផងដែរ និងបានពិន័យរូបគេជាទឹកប្រាក់ 40,000 យន់ (ស្មើនឹង 6,000ដុល្លារអាមេរិក)។ Oscar ដែលមិនត្រូវបានផ្តល់ការពិន័យកាតលឿងក្នុងពេលផ្ទុះជម្លោះនោះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ល្អបំផុតក្នុងក្របខ័ណ្ឌចិន Super League (CSL) ក្រោយពីរូបគេបានចូលរួមជាមួយនឹងក្លិប SIPG ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ទ្វីបអាស៊ីចំនួន 60លានអឺរ៉ូ (ស្មើនឹង 66.9លានដុល្លារអាមេរិក) នៅរដូវកាលនេះ។ ប៉ុន្តែ តម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នោះ មិនបានជួយឲ្យ Oscar គេចផុតពីការរងនូវការពិន័យដ៏ធំនេះឡើយ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់ចិន បានឲ្យដឹងថា រូបគេជាអ្នកទទួលខុសត្រូវសម្រាប់ការនាំឲ្យមានការផ្ទុះជម្លោះយ៉ាងខ្លាំងក្លាមុនពេលបញ្ចប់តង់ទី1 ក្នុងការប្រកួតលីកគ្រានោះ។ Oscar នឹងមិនបានចូលលេងរហូតដល់ចុងខែសីហា៕
ប្រភពពី៖ Sports.yahoo

 

Advertisement