Messi ដើរចេញពីទីលានទាំងខកចិត្ត ក្រោយអេស្ប៉ាញ លត់ អាហ្សង់ទីន ចាស់ដៃ

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ដើរ​ចេញ​ពី​កីឡដ្ឋាន​ទាំង​ការ​ខក​ចិត្ត ក្រោយ​ពីបាន​ឃើញ​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​របស់​ខ្លួនបាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃក្នុងលទ្ធផល 6-1 ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ត្រៀម​សម្រាប់ World Cup ឆ្នាំ​2018 កាលពី​ថ្ងៃ​អង្គារ​។

តា​រាឆ្នើម​របស់​ក្លិប Barcelona រូបនេះ ​ត្រូវ​បាន​គេ​ឃើញ​ដើរ​ទៅ​កាន់​ច្រក​ទ្វារ​ចេញ ក្រោយពី​ខ្សែ​បម្រើ Isco របស់​ក្លិប Real Madrid បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ និងជា​អ្នក​រក​គ្រាប់​បាល់​ទី​6 ​ឱ្យក្រុម​​អេ​ស្ប៉ាញនៅ​រាត្រី​នោះ​។ Messi ដែល​ធ្លាប់​​បាន​ប្រកាស​ចូលនិវត្តន៍ ក្រោយពី​ការ​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍ Copa America នោះ បាន​​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់ជើង​។ ខ្សែ​ប្រយុទ្ធ Diego Costa បាន​វិល​ទៅ​លេងក្នុង​ជម្រើស​ទាំង​ 11​នាក់ដំបូង​ជាលើក​ទី​1 ក្នុង​ចំណោម​ការ​ប្រកួត​​អន្តរ​ជាតិ​ 8​លើក ហើយ​រូប​គេ​បាន​​បង្កើត​ការ​ចាប់​អារម្មណ៍​ភ្លាម​ៗ​សម្រាប់​ការ​វិល​ត្រឡប់​របស់​គេ តាមរយៈ​ការ​រក​​គ្រាប់​បាល់​បើក​ឆាក ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញបាន​លត់​គូ​ប្រកួត​របស់​ខ្លួន ដែល​ក៏​ជា​​បេក្ខ​ភាព​ប្រជែង​ដណ្តើមពាន​ក្នុង​ប្រទេស​រុស្ស៊ី ​យ៉ាង​ចាស់​ដៃ​។ បន្ទាប់​មក Iscoបាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ នៅ​ចន្លោះ​គ្រាប់​បាល់​វាយ​បក​ 1​គ្រាប់​វិញ​របស់​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន តាម​រយៈ​ខ្សែ​ការ​ពារ Nicolas Otamendi នៅមុន​ពេល​ខ្សែ​បម្រើ Thiago Alcantara បាន​បន្ថែម​គ្រាប់​បាល់​ទី​4 នៅ​មុន​នាទីទី​60​​។កីឡាករ​បម្រុង Iago Aspas​ បា​ន​រក​គ្រាប់​បាល់​ទី​5 ​សម្រាប់​ក្រុម​ខ្លួន ក្រោយពី​​ទទួល​បានបាល់​ពីការ​បញ្ជូន​​ពី​ចម្ងាយ​របស់​អ្នក​ចាំ​ទី David de Gea នៅ​មុន​ពេល Isco រក​បាន​គ្រាប់​បាល់​ទី​3 ​​របស់​គេ និង​​គ្រាប់​បាល់​ទី​6 ​របស់​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​រយៈពេល​ 16​នាទី​ចុងក្រោយ​​៕

ប្រភព​ពី៖ The Sun

Advertisement