Mbappe បង្ហាញថ្វីជើង នាំបារាំងយកឈ្នះលើរុស្ស៊ីយ៉ាងងាយស្រួល

ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ ហើយ​ខ្សែ​បម្រើ Paul Pogba​ បាន​ស៊ុត​បាល់​ពិន័យ​ Free-kick ចូល​ទី​យ៉ាងល្អមួយទៀត​ដែលធ្វើឱ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំងផ្តួលក្រុម​ម្ចាស់​ផ្ទះ World Cup រុស្ស៊ី ក្នុងលទ្ធផល 3-1 ក្នុងការ​ប្រកួតមិត្ត​ភាព​មួយ​​នា​កីឡដ្ឋាន Saint Petersburg កាលពីថ្ងៃ​អង្គារ​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ 2​គ្រាប់​យ៉ាង​ល្អ​របស់ Mbappe និង​គ្រាប់​បាល់​របស់ Pogba បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ជើង​ឯក World Cup ឆ្នាំ​2018 ​មួយ​នេះ ស្តារ​មុខមាត់ឡើង​វិញ​ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល 3-2 ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ី ស្រប​ពេល​ដែល​គ្រាប់​បាល់​របស់​កីឡាករ FedorSmolov សម្រាប់​ក្រុម​រុស្ស៊ី ត្រឹម​តែ​​ជា​គ្រាប់​បាល់​លួង​​ចិត្ត​ប៉ុណ្ណោះ​។ លោក Didier Deschamps គ្រូ​បង្វឹក​នៃក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឱ្យ​ដឹង​ថា៖ «យើង​តែង​តែ​មាន​សមត្ថ​ភាពក្នុង​ការ​បង្កើតនូវ​​ឱកាស​ផ្សេង​ៗ ដើម្បី​រក​​គ្រាប់​បាល់ ហើយ​​យើង​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ 3គ្រាប់​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​តែង​តែ​មាន​ចំណុច​ជាច្រើន​ដែល​យើង​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​។ ក្នុង​តង់​ទី​1 យើង​​បាន​ខ្ជះ​ខ្ជាយ​បាល់​​​ច្រើន​ពេក​។ ប៉ុន្តែ បញ្ហា​នោះ​បាន​កើត​ឡើង​តិច​តួច​ក្នុង​តង់​ទី​2»​។

ការ​ប្រកួត​នេះ​​បាន​ចាប់ផ្តើម ក្រោយពី​​មានការ​ស្មឹង​ស្មាធ​រយៈ​ពេល​ 1​នាទី ដើម្បី​រំ​ឭក​ដល់​មនុស្ស​ចំនួន​ 64​នាក់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ក្មេង​ចំនួន​ 44​នាក់ ដែល​បាន​ស្លាប់​ក្នុង​អគ្គី​ភ័យមួយ នៅ​ឯមជ្ឈ​មណ្ឌល​ផ្សារ​របស់​ស៊ី​បេ​រី កាលពី​ថ្ងៃ​អាទិត្យ​៕

ប្រភព​ពី៖ Channel News Asia

Advertisement