ហូ​ឡង់ ជួយ​ឱ្យ​លោក Koeman ឈ្នះ​ជា​លើក​ទី1 តាមរយៈ​ការ​ផ្តួល​ព័រ​ទុយ​ហ្គា​ល់​ដោយ​ងាយ

លោក Ronald Koeman បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី1របស់ខ្លួន​ក្នុងនាម​ជា​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ ខណៈដែល​ក្រុម​របស់លោក​ដណ្តើមបាន​ជ័យជម្នះ​ដោយ​ងាយ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ទីក្រុង Geneva កាលពី​ថ្ងៃ​ចន្ទ។

ក្រុម​ម្ចាស់​ជើងឯក​រង​នៃ​យុទ្ធនាការ World Cup 3សម័យកាល​មួយ​នេះ បាន​ខកខាន​ក្នុងការ​ឈ្នះ​កៅអី​របស់​ពួកគេ​សម្រាប់​យុទ្ធនាការ​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំនេះ​ក្នុងប្រទេស​រុស្ស៊ី ប៉ុន្តែ ការប្រកួត​ជា​លើក​ទី2 របស់លោក Koeman ក្នុងនាម​ជា​គ្រូបង្វឹក បានបញ្ចប់​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ដ៏​គួរឱ្យ​ជឿជាក់​មួយ ក្រោយពី​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Memphis Depay, Ryan Babel និង Virgil van Dijk។

វា​បាន​ក្លាយជា​រាត្រី​ដ៏​ខកចិត្ត​មួយ​សម្រាប់​ក្រុម​ម្ចាស់​ជើង​អឺរ៉ុប ព័រ​ទុយ​ហ្គា​ល់ នៅ​មុនពេល​យុទ្ធនាការ World Cup ខណៈដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​សម្រាក​ត្រឹមតែ 3ថ្ងៃ​គត់ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​របស់គេ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-1 លើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប។ លោក Fernando Santos គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បានឱ្យដឹងថា៖ «ពួកគេ​បាន​បង្កើត​ឱកាស 4លើក និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន 3គ្រាប់ ពួកគេ​ពិតជា​ស័ក្តិសម​ក្នុងការ​ទទួលបាន​ជ័យជម្នះ»។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ ដែល​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស 1-០ ក្នុង​ទីក្រុង Amsterdam កាលពី​ថ្ងៃ​សុក្រ​នោះ បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី11 តាមរយៈ​គ្រាប់​បាល់​របស់ Depay នៅមុន​ពេល Babel និង Van Dijkបាន​បន្ថែម 2គ្រាប់​ទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​របស់លោក Koeman៕

ប្រភពពី៖ Channel News Asia

Advertisement