Aubameyang អវត្តមាន ខណៈ​ហ្គា​បុង ចាញ់ ថៃ ដោយ​បាល់​ប៉េណាល់​ទី​

ខ្សែ​ប្រយុទ្ធ Pierre-EmerickAubameyang របស់​​ក្លិប Arsenal បាន​​អវត្តមាន ខណៈ​ដែល​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​ហ្គា​បុង បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល 4-2 ក្រោម​ស្នា​ដៃក្រុមម្ចាស់ផ្ទះ​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធ​នាការ​ King Cup ​ក្នុង​ទីក្រុង​បាង​កក​។

ខ្សែ​ប្រយុទ្ធ​វ័យ​ 28ឆ្នាំ​ដែលទើប​តែ​បាន​ផ្ទេរ​ពីក្លិប Borussia Dortmund រូបនេះបានដក​​ខ្លួន​ចេញពី​ក្រុម​ជម្រើស​ជាតិ​ហ្គា​បុង នៅ​នាទី​ចុងក្រោយ ក្រោយពី​លោកយាយ​របស់​​គេបាន​ទទួល​មរណភាព​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​។ ក្នុង​ការ​សម្តែង​នូវ​អាម្មណ៍​ដ៏​សោក​សៅ​របស់​គេ​នៅលើ​បណ្តាញ​សង្គម Aubameyang ដែល​ជា​កីឡាករ​ឆ្នើម​​​របស់​ទ្វីប​អា​ហ្វ្រិកប្រចាំ​ឆ្នាំ​2015 បាន​សរសេរ​ថា៖ «យាយ​បាន​ផ្តល់​ក្តី​ស្រឡាញ់​ជាច្រើន​ដល់​ខ្ញុំ យាយ​បាន​​បង្រៀនខ្ញុំ​នូវ​រឿង​ជាច្រើន​។ ខ្ញុំ​​និយាយ​ភា​សា​​អេ​ស្ប៉ាញ​បាន ដោយ​សារ​តែ​លោក​យាយ​​។

ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​ណាស់​ដែលបាន​ក្លាយ​ជា​ចៅ​ប្រុស​តូចម្នាក់របស់​លោក​យាយ​។ នេះជាស្នាម​ថើប​ចុងក្រោយ​ដើម្បី​ប្រាប់​លោក​យាយ​ថា លា​ហើយ​»​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ហ្គា​បុង ក៏​បាន​អវត្តមាន​ខ្សែ​ការពារ Bruno Ecuele Manga និង​ខ្សែ​បម្រើ​ស្លាប Denis Bouanga ដោយសារចង់​ផ្តោត​អារម្មណ៍​របស់​គេ​ទៅលើ​អាជីព​ក្នុ​ងក្លិប​នៅ​អឺ​រ៉ុប​របស់គេ​។ ក្រុម​មក​ពី​​អា​ហ្វ្រិក​កណ្តាល​មួយនេះ ​ចាប់ផ្តើម​មិន​បានល្អ​ឡើយ​ក្នុង​ការ​ស៊ុត​បាល់​ប៉េ​ណាល់ទី​កាត់សេចក្តីនៅ​មុខ​អ្នក​ទស្ស​នា​ចំនួន​ 25,000​នាក់ ខណៈ​ដែល​អ្នក​ចាំ​ទី​របស់​ក្រុមជម្រើស​ជាតិ​ថៃ បាន​សង្គ្រោះ​បាល់​ប៉េ​ណាល់​ទី​ 2​លើក​ដំបូង​។

ក្រុម​ជម្រើស​ជាតិ​ថៃកំពុង​តែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Milovan Rajevac សញ្ជាតិ​ស៊ែ​ប៊ី ដែល​ធ្លាប់បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ឈាន​ទៅប្រកួត World Cup នៅឆ្នាំ​2010 វគ្គ​8​ក្រុម​ចុងក្រោយ នៅ​អា​ហ្វ្រិក​ខាង​ត្បូង​៕

ប្រភព​​ពី៖ The Sun Daily

Advertisement