Ibrahimovic ចុះហត្ថលេខា​ជាមួយនឹង​ក្លិប LA Galaxy ក្រោយ ManUnited យល់ព្រម​លុប​កុងត្រា

បើ​យោងតាម​ប្រភព​នានា Zlatan Ibrahimovic នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្លិប LA Galaxy ក្រោយពី​ក្លិប Manchester United បាន​យល់ព្រម​បញ្ចប់​កិច្ចសន្យា​របស់គេភ្លាម។ ការប្រកាស​ពី​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​ជាមួយនឹង​ក្រុម​របស់​ក្របខ័ណ្ឌ​អាមេរិក Major League Soccer នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈដែល Ibrahimovic វ័យ 36ឆ្នាំ អាច​នឹងធ្វើ​ការផ្ទេរ​ជា​លើកចុងក្រោយ​នៃ​អាជីព​ដ៏​យូរអង្វែង​របស់គេ។

Ibrahimovic បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram ថា៖ «ទីបំផុត រឿង​ដ៏​អស្ចារ្យ​មួយ​ក៏​ឈានដល់​ទីបញ្ចប់ ហើយ​វា​ក៏​ដល់ពេល​ហើយ​ដែរ​សម្រាប់​ការផ្លាស់ប្តូរ ក្រោយពី​ចំណាយពេល 2រដូវ​កាល​ជាមួយនឹង​ក្លិប Man United។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្លិប អ្នកគាំទ្រ ក្រុម​គ្រូបង្វឹក បុគ្គលិក និង​គ្រប់គ្នា​ដែល​បាន​ចែករំលែក​ជាមួយនឹង​ខ្ញុំ​ក្នុង​ផ្នែក​នៃ​ប្រវត្តិ​របស់ខ្ញុំ»។ ការប្រកួត​លើកចុងក្រោយ​របស់ Ibrahimovic បានកើត​ឡើង​នៅ​ថ្ងៃ​ប្រកួត Boxing Day ជាមួយនឹង​ក្រុម Burnley នា​កីឡដ្ឋាន Old Trafford ដែលជា​ការប្រកួត​ធ្វើឱ្យ​រូបគេ​រងរបួស​មួយ​ផ្សេងទៀត។

បទបញ្ជាផ្ទៃក្នុង​របស់​ក្របខ័ណ្ឌ Major League Soccer បានអនុញ្ញាត​ឱ្យ​ក្លិប​នានា​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​ឆ្នើម 3រូប ដែល​មិន​កំណត់​ទៅលើ​ប្រាក់ខែ ខណៈដែល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​នៅពេលដែល​កីឡាករ David Beckham បាន​ចូលរួម​ក្នុង​លី​ក​នេះ កាលពី​ឆ្នាំ2007។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ដោយសារតែ Galaxy បាន​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​របស់​ពួកគេ​រួចជាស្រេច​ក្នុង​រដូវ​កាល​ឆ្នាំ2018 ប្រាក់ខែ​របស់ Ibrahimovic នឹងត្រូវ​កំណត់​ត្រឹម 1.5លាន​ដុល្លារ។

នេះ​បើ​យោងតាម​កាសែត Sports Illustrated។ Ibrahimovic បានទទួល​ចំណូល​ដល់​ទៅ 26.8លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​រដូវ​កាល ក្រោយពី​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Man United ដោយ​ចេញពី​ក្លិប Paris Saint-Germain កាលពី​ឆ្នាំ2016៕

ប្រភពពី៖ Sky Sports

Advertisement