Firmino៖ ខ្សែប្រយុទ្ធ Liverpool មិនមាន​សម្ពាធ​ដើម្បី​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Salah ឡើយ

ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool កំពុងតែ​ផ្តោតទៅលើ​ការ​អភិ​ឌ្ឍ​របស់​ក្លិប និង​មិន​ស្ថិតក្រោម​សម្ពាធ​ក្នុងការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​នៃ​ការរក​គ្រាប់​បាល់​របស់​តារា​ឆ្នើម Mohamed Salah នៅ​រដូវ​កាល​នេះឡើយ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ខ្សែប្រយុទ្ធ Roberto Firmino។

តារា​ឆ្នើម​អន្តរជាតិ​អេ​ហ្ស៊ី​ប Salah កំពុងតែ​នាំមុខគេ​ក្នុងការ​ប្រជែង​ដណ្តើម​ស្បែកជើង​មាស​ប្រចាំ​ទ្វីបអឺរ៉ុប ដោយ​នាំមុខ​ពីលើ​ខ្សែប្រយុទ្ធ Lionel Messi របស់​ក្លិប Barcelona ក្រោយពី​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ 36គ្រាប់ និង​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​រកបាន 12គ្រាប់​ផ្សេងទៀត ក្នុងការ​បង្ហាញខ្លួន 41លើក រាល់​យុទ្ធនាការ​ទាំងអស់ ក្នុង​រដូវ​កាល​ទី1របស់គេ​នៅឯ​ក្លិប Liverpool។

នៅពេលដែល​ត្រូវបាន​ចោទ​សួរថា តើ​រូបគេ​មាន​អារម្មណ៍​រង​នូវ​សម្ពាធ​ទៅលើ​ការរំពឹងទុកផ្សេងៗដើម្បី​តាម​ស្មើ​ចំនួន​គ្រាប់​បាល់​របស់​មិត្ត​រួម​ក្រុម​របស់ខ្លួន ឬ​យ៉ាងណា​នោះ។ តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានឱ្យដឹងថា៖ «មិនអាច​ឡើយ។ មនុស្ស​ជាច្រើន​និយាយ​ពី​ភាពខ្លាំង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​យើង ដែល​ក៏មាន SadioMane ផងដែរ ប៉ុន្តែ យើង​មាន​ក្រុម​មួយ​ដែលមាន​គុណភាព​ពេញលេញ​ដែលមាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ប្រយុទ្ធ។

យើង​ត្រូវតែ​គិត​ជា​លក្ខណៈ​ក្រុម។ កីឡាករ​កាន់តែ​រកបាន​គ្រាប់​បាល់​ច្រើន នោះ​ក្រុម​យើង​ក៏​កាន់តែខ្លាំង​ដែរ។ Liverpool គឺជា​ក្រុម​មួយ​ដែល​ឈ្នះ​ក្នុងស្ថានភាព​នេះ»។ Firmino បាន​ស៊ុត​បាល់​បញ្ចូល​ទី 23គ្រាប់ នៅ​រដូវ​កាល​នេះ ស្រប​ពេលដែល Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី 14គ្រាប់ ខណៈដែល Liverpool កំពុងតែ​នាំមុខ​លើ​តារាង​នៃ​ការ​គ្រាប់​បាល់​នៃ​ក្របខ័ណ្ឌ Champions League តាមរយៈ​ការរកបាន 28គ្រាប់​មកទល់ពេលនេះ៕

ប្រភពពី៖ Channel News Asia

Advertisement