Man United ទម្លាក់ Celta ទាំងព្រលឹងចុងសក់ ដើម្បីជួប Ajax ក្នុង Europa វគ្គផ្តាច់ព្រ័ត្រ

ក្រុមបិសាចក្រហម Manchester United បានទម្លាក់ក្រុម Celta Vigo ដើម្បីកក់កៅអីរបស់ពួកគេទៅកាន់ក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើទាំងព្រលឹងចុងសក់ ១-១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពេញជ័យជម្នះទាំងពីរជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ២-១។

Man United ហាក់ដូចជាត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រដោយងាយស្រួលទៅហើយនាកីឡដ្ឋាន Old Trafford នៅពេលដែលខ្សែបម្រើ Marouane Fellaini បានតែតបាល់បំប៉ោងសំណាញ់ទីនៅដើមតង់ទី១ ដើម្បីជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខមុន ក្រោមការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford។ ប៉ុន្តែ ក្រុមរបស់លោក Jose Mourinho បានរងនូវការវាយបកវិញ និងបានជួបការភិតភ័យ ក្រោយពីកីឡាករ Facundo Roncaglia បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀនៅនាទី ទី៨៤ ដើម្បីកាត់បន្ថយលទ្ធផលទាំងពីរជើងមកត្រឹម ២-១។

នៅរយៈពេលប៉ុន្មាននាទីចុងក្រោយ ក្រុម Celta ស្ទើរតែបានបំពេញការវាយបកដ៏មិននឹកស្មានដល់ទៅហើយ ប៉ុន្តែ Man United បានជួបសំណាងដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Ajax Amsterdam ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នាថ្ងៃទី២៤ ខែឧសភា។ ក្រុមយក្សរបស់ហូឡង់ Ajax បានឈ្នះកៅអីរបស់ពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ បើទោះបីចាញ់ក្រុម Lyon ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២របស់ពួកគេក៏ដោយ។

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «យើងបានរងនូវសម្ពាធរហូតដល់បញ្ចប់ការប្រកួត ហើយវាជាការប្រកួតមានលក្ខណៈបើកចំហរ រហូតដល់នាទីចុងក្រោយ។ ក្រោយពីការប្រកួត១៤លើក យើងឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើយើងឈ្នះពាន Europa League ខ្ញុំកាន់តែមានការរីករាយជាងនេះទៅទៀត។ វានឹងក្លាយជាពានដ៏អស្ចារ្យ»៕:

ប្រភពពី៖ The Mirro

Advertisement