Lionel Messi ទទួលបាន​ពានរង្វាន់ The Best FIFA 2022

(បារាំង) – យកឈ្នះ​លើ Kylian Mbappe និង Karim Benzema កំពូល​តារាបាល់ទាត់​វ័យ 36 ឆ្នាំ Lionel Messi ដណ្ដើមបាន​ពានរង្វាន់ The Best របស់ FIFA ជា​លើក​ទី​ពីរ​កាលពី​ព្រលប់​ថ្ងៃទី 27 កុម្ភៈ 2023។

«ពាន់រង្វាន់​នេះ ខ្ញុំ​ទុក​សម្រាប់​មិត្ត​រួម​ក្រុម ជំនួស​ឱ្យ​ពាក្យ​អរគុណ​ចំពោះ​អ្វីដែល​ពួកគេ​ធ្វើបាន» Messi ថ្លែង​ដូច្នេះ​បន្ទាប់ពី​បានទទួល​ពានរង្វាន់​ពី​ប្រធាន FIFA លោក Gianni Infantino។ «តំណែង​ជើងឯក World Cup គឺជា​ប្រកាស​អស្ចារ្យ​បំផុត​ចំពោះ​ខ្ញុំ​នៅក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់»។

ចុងបញ្ចប់​នៃ​ការ​ថ្លែងការណ៍​កាលពី​វេលា​ម៉ោងជាង 22 (ម៉ោង​នៅ​បារី​ស) Messi ថែមទាំង​និយាយប្រាប់​កូនប្រុស​ទាំង 3 ដែល​អង្គុយ​លើ​កៅអី​សម្រាប់​ភ្ញៀវ​នៅ​​ខាងមុខ​ថា «Thiago, Mateo, Ciro ដល់ពេល​ទៅ​គេង​ហើយ»។

ពានរង្វាន់​ថ្មី​នេះ​បាន​ជួយ​ឱ្យ Messi មានពាន The Best ចំនួន 2 ដែល​ស្មើនឹង Cristiano Rolando និង Robert Lewandowski។ បើ​គិត​ទាំង​ពានរង្វាន់​នានា​ដែល​ផ្ដល់​ដោយ FIFA ចាប់ពី​ឆ្នាំ 1991 កំពូល​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​មានពាន​សរុប​ឡើងដល់ 7 ក្នុង​គ្រា​ដែល Ronaldo ទទួល​បានតែ 5 ប៉ុណ្ណោះ។

FIFA ជ្រើសរើស​បេក្ខភាព The Best 2022 ដោយ​យោងទៅលើ​សមិទ្ធផល​ចាប់ពី​ថ្ងៃទី 08 សីហា 2021 ដល់ 18 ធ្នូ 2022។ ក្នុងអំឡុង​ពេលនោះ Messi ស៊ុត​បញ្ចូល​ទី​បាន 45 គ្រាប់ និង​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់​ចំនួន 34 លើក​ នៅក្នុង 74 ប្រកួត រួម​នឹងការ​​ដណ្ដើមបាន​ជើងឯក World Cup 2022, ពានរង្វាន់​បាល់ទាត់​អន្តរទ្វីប (CONMEBOL–UEFA Cup of Champions) ដែល​​​អា​ហ្ស​ង់​ទីន​ដណ្ដើម​បាន​, Ligue 1 និង​ពានរង្វាន់​បាល់ទាត់​បារាំង (Trophée des Champions) ដែល​ PSG ដណ្ដើម​បាន​ ក៏ដូចជា​ពានរង្វាន់​បាល់​មាស World Cup 2022៕

Advertisement