Mane៖ ក្រុម​ណា​ក៏ Liverpool អាច​ផ្ដួល​បាន​ទាំងអស់

ខ្សែប្រយុទ្ធ Sadio Mane បាន​បញ្ជាក់ថា ក្រុម Liverpool «អាច​ផ្តួល​ក្រុម​ណា​ក៏បាន​ក្នុង​ពិភពលោក» ខណៈដែល​ក្រុម​របស់លោក Jurgen Klopp កំពុងតែ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ 2 នៅលើ​តារាង​ក្របខ័ណ្ឌ Premier League និង​សម្លឹង​កៅអី​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។

Liverpool កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ 3 នៅលើ​តារាង ដោយមាន 2ពិន្ទុ​តាម​ពីក្រោយ​ក្រុម Manchester United ក្រោយពី​ចាញ់​ត្រឹមតែ 1លើក​គត់​ក្នុង​ការប្រកួត 19លើកចុងក្រោយ​របស់​ពួកគេ​នៃ​ក្របខ័ណ្ឌ Premier League និង​កំពុងតែ​ជឿជាក់​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប ក្រោយពី​បាន​ផ្តួល​ក្រុម Porto 5-0 ក្នុងការ​ប្រកួត​ជើង​ទី 1នៃ​វគ្គ 16ក្រុម​ចុងក្រោយ​របស់​ពួកគេ។

ក្រុម​ហង្ស​ក្រហម​របស់លោក Klopp បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 103គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​នៅ​រដូវ​កាល​នេះ ខណៈដែល​ខ្សែប្រយុទ្ធ​របស់​ពួកគេ​ដែល​រួមមាន Mane, Mohamed Salah និង Roberto Firmino សុទ្ធសឹង​អាច​ទម្លុះ​តំបន់​ការពារ​របស់​គូបដិបក្ខ​បាន​យ៉ាង​ងាយស្រួល។

Mane បាន​ប្រាប់​គេហទំព័រ​របស់​ក្រុម Liverpool ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ក្លិប​នេះ​កំពុងតែ​ធ្វើដំណើរ​ទៅមុខ​ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ។ Liverpool បាន​ជួប​ការលំបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ រឿង​ទាំងនោះ​កើតឡើង​ក្នុង​រាល់​ក្លិប​ទាំងអស់​ក្នុង​ពិភពលោក»។

តារា​ឆ្នើម​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បាន​បន្ថែមទៀតថា៖ «នៅពេលនេះ យើង​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ ហេតុនេះ​រាល់អ្វីៗទាំងអស់​គឺអាច​ទៅរួច។ ខ្ញុំ​គិតថា យើង​បាន​រីកចម្រើន​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ យើង​ដឹងថា ក្រុម​ណា​ក៏​យើង​អាច​ផ្តួល​បាន​ទាំងអស់​ក្នុង​ពិភពលោក​នេះ»៕

ប្រភពពី៖ Sport24

Advertisement