Gundogan បង្ហាញ​ថ្វី​ជើង ខណៈ Man City លត់ Basel យ៉ាងដំណំ

ខ្សែបម្រើ Ilkay Gundogan បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងពេល​ក្រុម Manchester City បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-0 នៅលើ​ទឹកដី​ក្រុម FC Basel កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើឱ្យ​ក្រុម​កំពុង​នាំមុខ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ខិត​កាន់តែ​កៀក​ឆ្ពោះទៅរក​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។

ក្រុម​របស់លោក Pep Guardiola បាន​ដោះស្រាយ​ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ​នេះ​ដោយ​ងាយ ក្រោយពី​លេង​បាន​រយៈពេល 23នាទី តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 3គ្រាប់​នៅ​កីឡដ្ឋាន Sankt Jakob Park របស់​ក្រុម Basel។

គ្រាប់​បាល់ 3គ្រាប់​ដំបូង​របស់​ពួកគេ​បានកើត​ឡើង​ក្នុង​ចន្លោះពេល​ត្រឹមតែ 9នាទី​ប៉ុណ្ណោះ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី 1គ្រាប់​របស់ Gundogan និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ 2គ្រាប់​ផ្សេងទៀត​ពី Bernardo Silva និង Sergio Aguero។ ភាព​វេទនា​របស់​ក្រុម Basel នៅតែ​បន្ត​ក្រោយពី​សម្រាក​តង់​ទី1 នៅពេលដែល Gundogan បាន​បន្ថែម​គ្រាប់​បាល់​ទី 2សម្រាប់​ខ្លួនឯង និង​រូបគេ​ស្ទើរតែ​រកបាន​គ្រាប់​បាល់​ទី 3របស់គេ​ទៅហើយ។

លោក Guardiola បានឱ្យដឹងថា៖ «ការដណ្តើម​បាន​ជ័យជម្នះ 4-០ ក្នុង​វគ្គ 16ក្រុម​ចុង​ក្រោយនេះ គឺជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ។ យើង​ជិត​ឈានទៅដល់​វគ្គ 8ក្រុម​ចុងក្រោយ​ហើយ ប៉ុន្តែ ខ្ញុំ​មិន​និយាយថា យើង​ស្ថិតនៅ​ទីនោះ​រួចជាស្រេច​ទៅហើយ​ទេ ដែល​ការនិយាយ​នេះ​ជាការ​មិន​គោរព​ដល់​ក្រុម Basel»។ ស្របពេល​ជាមួយគ្នានេះ Harry Kane និង Christian Eriksen បាន​ជួយ​ឱ្យ​ក្រុម Tottenham បាន​វិល​ទៅកាន់​ផ្លូវ​ល្អប្រសើរ​ឡើងវិញ ដោយ​ការ​តាម​ស្មើ​ក្រុម Juventus ក្នុង​លទ្ធផល 2-2 ក្នុង​ទីក្រុង Turin ដើម្បី​លុបចោល​គ្រាប់​បាល់​ដ៏​ល្អ​របស់​ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ​ជើង​ទី1 កាលពី​ថ្ងៃ​អង្គារ៕

ប្រភពពី៖ The Sun

Advertisement