Juventus ស្រេកឃ្លានក្នុងការលើកពាន ៣ ក្រោយពីឈ្នះពាន Serie A

ក្រុមសេះបង្កង់ Juventus បានឈ្នះពានក្របខ័ណ្ឌអ៊ីតាលី Serie A ជាលើកទី៦ជាប់ៗគ្នារបស់ពួកគេ ក្រោយពីបានផ្តួលក្រុម Crotone ក្នុងលទ្ធផល ៣-០ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដើម្បីធ្វើឲ្យពួកគេស្ថិតនៅលើដំណើរផ្លូវឆ្ពោះទៅកាន់ការឈ្នះពាន ៣ ក្នុងរដូវកាលតែមួយ ក្រោយពីបានឈ្នះពាន ២ រួចជាស្រេចហើយនៅរដូវកាលនេះ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Mario Mandzukic, Paulo Dybala និង Alex Sandro បានជួយឲ្យក្រុមរបស់គេឈ្នះពានរង្វាន់លីកមួយផ្សេងទៀត ដើម្បីបន្ថែមទៅលើពាន Coppa Italia ឬ Italian Cup របស់ពួកគេ នៅមុនពេលឈានទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Real Madrid ក្នុងទីក្រុង Cardiff នាថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។

លោក Massimiliano Allegri បានឲ្យដឹងថា៖ «នៅរដូវកាលនេះ វាមានភាពខុសគ្នាទៅនឹងរដូវកាលមុន។ ពេលនេះយើងមានក្តីសុបិនក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ដែលអ្នកមិនមានឱកាសបានលេងជារៀងរាល់ឆ្នាំឡើយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ វាជាការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី២របស់យើងក្នុងរយៈពេល៣ឆ្នាំ ហេតុនេះយើងត្រូវតែអបអរដល់គ្រប់គ្នាក្នុងក្លឹបនេះ។ ខ្ញុំពិតជារីករាយណាស់ក្នុងការធ្វើជាគ្រូបង្វឹកនៅទីនេះ ហើយក្នុងពេលឆាប់ៗនេះ យើងនឹងធ្វើការពិភាក្សាទៅលើផែនការផ្សេងៗទៀត ប៉ុន្តែនៅពេលនេះ រឿងដ៏សំខាន់បំផុតនោះគឺថា យើងត្រូវតែលេង និងយកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Cardiff ឱ្យបាន ពេលជួបជាមួយនឹងក្រុម Real Madrid៕

Advertisement