Xhaka ជួយ​ឲ្យ Arsenal ផ្តួល Chelsea ដើម្បី​ទៅ​ជួប Man City ក្នុង League Cup

Granit Xhaka បា​នរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​ខ្លួន ខណៈដែល​ក្រុម Arsenal បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ ដើម្បី​ផ្តួល​ក្រុម Chelsea 2-1 ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី2 នា​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​ពុធ និង​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ កាលពី​ជើង​ទី1។

ខ្សែបម្រើ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បា​នរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​របស់ខ្លួន​នៅ​នាទី​ទី60 ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ជួប​ជាមួយ​ក្រុម Manchester City នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី25 ខែកុម្ភៈ ខាងមុខនេះ។ ក្រុម Man City របស់លោក Pep Guardiola បាន​ឈានទៅ​កាន់​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួល​ក្រុម Bristol City របស់​ក្របខ័ណ្ឌ Champion ship ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ និង​ឈ្នះ​ទាំងពីរ​ជើង 5-3 ដើម្បី​រក្សា​ការ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ប្រជែង​ដណ្តើមពាន 4 ក្នុង​រដូវ​កាល​តែមួយ។

ជ័យជម្នះ​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​លោក Wenger ក្នុង​សប្តាហ៍​មួយ ដែល​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​ប្រឈមមុខ​នឹង​ភាព​ត្រដាបត្រដួស​ក្នុងការ​ប្រជែង​យក​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League ដោយសារ​បាត់បង់ Sanchez ដែលជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​របស់​ពួកគេ។

លោក Wenger បាន​ទទួលស្គាល់ថា ភាពមិនច្បាស់លាស់​នៃ​ការផ្ទេរ​របស់ Sanchez បានធ្វើ​ឲ្យ​ក្រុម​របស់លោក​រង្គោះរង្គើ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ គ្រូបង្វឹក​វ័យ 68 ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បាន​បាត់បង់​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​គឺ Alexis Sanchez  ហើយ​ក្រុម​មួយ​ដែល​មិនដឹង​ពីអ្វី​ដែល​នឹង​កើតឡើង​នៅ​បន្ទប់​ប្តូរ​សម្លៀកបំពាក់ នឹងខ្វះ​នូវ​ការផ្តោត​អារម្មណ៍ផ្សេងៗលើ​ទម្រង់​លេង»៕

ប្រភពពី៖ The Sun

Advertisement