អ្នកគាំទ្រ​វៀតណាម​រាប់លាន​នាក់​អបអរសាទរ ក្រោយពី​ក្រុមU23របស់​ពួកគេ​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ AFC U23

ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម 23ឆ្នាំ បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFC U23 Championship ក្នុងប្រទេស​ចិន ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​កាតា​អាយុ​ក្រោម 23ឆ្នាំ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជាមួយនឹង​ជ័យជម្នះ 4-3 បន្ទាប់ពី​ទទួលបាន​លទ្ធផល​ស្មើ 2-2 នៅ​នាទី​បន្ថែម 15នាទី 2ដង​រួចមក។

វៀតណាម បាន​ក្លាយជា​ក្រុម​ទៅ​ពី​តំបន់​អាស៊ីអាគ្នេយ៍​ដំបូង​គេ​ដែល​បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ​នេះ។ បន្ទាប់ពី​ជ័យជម្នះ​នេះ អ្នកគាំទ្រ​កីឡាបាល់ទាត់​វៀតណាម​រាប់លាន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​តាម​ដង​វិថី​នានា ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្រុម​ពួកគេ។ ជ័យជម្នះ​របស់​ក្រុម​វៀតណាម U23 បាន​កើតឡើង​មុនពេល​ក្រុម​អ៊ូ​ស​បេ​គី​ស្ថាន U23 ផ្តួល​កូរ៉េខាងត្បូង U23 ក្នុង​លទ្ធផល 3-០ ក្នុង​រយៈពេល​បន្ថែម 15នាទី 2ដង ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ក្នុង​រយៈពេល 90នាទី។

ក្រុម​ទាំងពីរ​នឹងត្រូវ​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​សៅរ៍ ទី27 ខែមករា ខាងមុខនេះ។ លោក Park Hang-seo គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម បាន​ឲ្យ​ដឹងថា៖ «វា​គ្មានអ្វី​ស្រពេចស្រពិល​ទៀតឡើយ ពួកគេ​គឺជា​អ្នក​ប្រយុទ្ធ។ នៅ​មុនពេល​ការប្រកួត​នេះ យើង​បាន​សន្យា​ចំពោះ​ខ្លួនឯង​ថា យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​របស់​វៀតណាម បាក់មុខ​ឡើយ។ ទីបំផុត​យើង​ធ្វើបាន​សម្រេច​មែន»៕

ប្រភពពី៖ e.vnexpress

Advertisement