ក្រុមបាល់ទាត់​នារី​វៀតណាម ចាញ់​ក្រុម​អេ​ស្ប៉ា​ញ 0-9

នៅក្នុង​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅមុន World Cup នារី 2023 ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី 14 កក្កដា ក្រុមបាល់ទាត់​ជម្រើសជាតិ​ផ្នែក​នារី​របស់​វៀតណាម បាន​ចាញ់​ក្រុម​នារី​អេ​ស្ប៉ា​ញ​រហូតដល់ 0-9។

ក្រុម​អេ​ស្ប៉ា​ញ​នាំមុខ 2-0 នៅក្នុង​តង់​ទីមួយ​នៃ​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅមុន World Cup នារី 2023។ ចូលដល់​តង់​ទី​ពីរ ក្រុម​តំណាង​របស់​អឺរ៉ុប​មួយ​នេះ​ក៏​រកបាន 7 គ្រាប់​បន្ថែមទៀត ធ្វើឱ្យ​វៀតណាម​ត្រូវ​ចាញ់ 0-9។

ការប្រកួត​ខាងលើ​ត្រូវបានធ្វើ​ឡើងលើ​ទីលាន Mc Lennan Park ក្នុង​ទីក្រុង Auckland នៅវេលា​ម៉ោង 12 និង 30 នាទី ថ្ងៃទី 14 កក្កដា ម៉ោង​នៅ​នូ​វែ​ល​សេ​ឡង់ ត្រូវ​នឹង​ម៉ោង 07 និង 30 នាទី​នៅ​កម្ពុជា។ មុនពេល​ប៉ះ​នឹង​អេ​ស្ប៉ា​ញ ក្រុម​វៀតណាម​បាន​ចាញ់​អាល្លឺម៉ង់ 1-2 និង​ចាញ់​នូ​វែ​ល​សេ​ឡង់ 0-2។

ក្រោយពី​ការប្រកួត​ខាងលើ ក្រុម​វៀតណាម​នៅសល់​ពេល​ជាង​មួយ​សប្ដាហ៍​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​សហរដ្ឋ​អាម៉េរិក ដែលជា​ម្ចាស់​ជើងឯក World Cup នៅ​ថ្ងៃទី 23 កក្កដា 2023 លើ​ទីលាន Eden Park៕

Advertisement