Salah ឈ្នះ​ពានកីឡាករឆ្នើមប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក ក្រោយ​ជួប​រដូវកាល​ដ៏អស្ចារ្យ

ការ​ជួប​រដូវកាល​ដ៏ល្អ​ឥត​ខ្ចោះ​របស់​តារាឆ្នើម​ Mohamed Salah បាន​ធ្វើ​ឲ្យ​រូបគេ​បោះ​ជំហាន​ឆ្ពោះ​ទៅកាន់​ដំណាក់​កាល​មួយផ្សេង​ទៀត ក្រោយ​ពី​រូបគេ​បាន​ជាប់​ជាកីឡាករឆ្នើម​ប្រចាំ​ឆ្នាំ​របស់​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អា​ហ្វ្រិក ជា​លើក​ទី​1​។

តា​រាឆ្នើម​រូបនេះ បានយកឈ្នះលើ​ខ្សែ​ប្រយុទ្ធអន្តរ​ជាតិ​សេ​ណេហ្គាល់ Sadio Mane ដែល​ជាមិត្ត​រួមក្រុម Liverpool របស់គេ និង​ខ្សែ​ប្រយុទ្ធអន្តរ​ជាតិ​ហ្គា​បុង Pierre-Emerick Aubameyang របស់​ក្លិប Borussia Dortmund ដែលបានទទួល​ចំណាត់ថ្នាក់​លេខ​2 និងលេខ​3តាមលេខ​រៀង​​។ រូប​គេ​​បាន​ចូល​រួម​ជា​មួយ​នឹង​តា​រាឆ្នើម​ៗ​ជាច្រើន​ដែលធ្លាប់​ឈ្នះ​ពាន​រង្វាន់នេះ​ដែលមានដូចជា Yaya Toure, Didier Drogba និង Samuel Eto’o ផងដែរ ក្រោយ​ពីទទួលបានពាន​នេះ ក្នុង​កម្មវិធី​មួយនៅក្នុងទីក្រុង Accra ប្រទេស​ហ្គា​ណា​ កាលពីថ្ងៃ​ព្រហស្បតិ៍​។

Salah ដែល​បានផ្ទេរមកពីក្លិប Roma កាលពី​រដូវក្តៅមុនក្នុងតម្លៃខ្លួន​34​លានផោន (ស្មើនឹង​47​លាន​ដុល្លារ​អាមេរិក) នោះ បាន​បង្ហាញពី​ទម្រង់លេងយ៉ាងល្អក្នុងពេល​វិល​ទៅកាន់ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាលនេះ​។ ខ្សែ​ប្រយុទ្ធ​វ័យ​25​ឆ្នាំ​រូបនេះ បាន​ស៊ុតបាល់​បញ្ចូល​ទី​ដល់ទៅ​17គ្រាប់​ក្នុងការប្រកួត​​19លើក​ក្នុង​ក្រប​ខ័ណ្ឌលីក សម្រាប់ក្រុម Liverpool និង​រក​បាន​5​គ្រាប់ផ្សេង​ទៀតក្នុង​ក្រប​ខ័ណ្ឌ Champions League​។

ក្រោយ​​ពី​ទទួលពាន​នេះ Salah បាន​ឲ្យ​ដឹង​ថា៖ «ការ​ឈ្នះពាន​រង្វាន់​នេះ គឺ​ជា​សុបិន​ដែល​ក្លាយ​​ជាការ​ពិត​មួយ​។ 2017 គឺ​ជា​ឆ្នាំ​ដ៏អស្ចារ្យ​សម្រាប់ខ្ញុំ​ ដោយ​ខ្ញុំមាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​»​​។ រូបគេក៏​បាន​ក្លាយ​ជា​តា​រាឆ្នើម​ក្នុងក្រុម​ជម្រើស​ជាតិ​របស់​គេផងដែរ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប បានឈ្នះកៅអី​ទៅលេងក្នុង World Cup នៅ​ឆ្នាំនេះ​៕

ប្រភព​ពី៖ The Sun

Advertisement